ខេត្តពោធិ៍សាត់៖ក្រុមចោរប្លន់ប្រដាប់អាវុធបា ប្លន់យករថយន្ត Highlander មួយគ្រឿងរបស់សមាជិកក្រុមប្រឹក្សាខេត្តពោធិ៍សាត់ម្នាក់ រួចជិះគេចខ្លួនដោយសុវត្ថិភាព កាលពីវេលាម៉ោង ០៦ និង៥៧នាទីល្ងាច ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះ នៅម្តុំជិតផ្សារថ្មី ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
រថយន្ត Highlander ដែលត្រូវចោរប្លន់យកនោះ ស៊េរីឆ្នាំ ២០០៤ ព័ណ៌ទឹកមាស ពាក់ស្លាកលេខ 2V-5355 លេខម៉ាស៊ីន 2A21348291 លេខតួ JTEGD21A940087114 ជាកម្មសិទ្ធិរបស់ឈ្មោះ ឈឹម ផាវ៉េត ភេទប្រុស អាយុ ៦៣ឆ្នាំ មានតួនាទីជាសមាជិកក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បច្ចុប្បន្នរស់នៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
តាមស្នងការនគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ជនសង្ស័យមានតែម្នាក់គត់ ហើយមានកាំភ្លើងភ្ជង់ទៅលើជនរងគ្រោះ រួចជិះគេចខ្លួនដោយសុវត្ថិភាព។
ប៉ុន្តែយោងតាម សេចក្តីរាយការណ៍ចុងក្រោយ បានឲ្យដឹងថា រថយន្តរកឃើញវិញហើយ ក្រោយពីចោរបើកដាក់ប្លុងចោលក្នុងវត្តពាលញែក ហើយនៅពេលនេះសមត្ថកិច្ចកំពុងកំណត់មុខសញ្ញាជនសង្ស័យ ដើម្បីឈានទៅចាប់ខ្លួនយកមកផ្តន្ទាទោស៕