ខេត្តកំពង់ធំ៖ក្មេងប្រុសស្រី៣នាក់ បានលង់ទឹកស្លាប់ ក្នុងថ្ងៃតែមួយ នៅតាមដងស្ទឹងសែនខេត្តកំពង់ធំដោយសារការធ្វេសប្រហែស របស់អាណាព្យាបាល ខណ:ដែលបុរសវ័យចំណាស់ម្នាក់ទៀត ក៏ បានលង់ទឹកស្លាប់ផងដែរដោយសារជំងឺស្កន់។
យោងតាមរបាយការណ៍របស់ស្នងការខេត្ត បានឲ្យដឹងថា ករណីទី១-បានកើតឡើង នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ នៅភូមិតាមុំ ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ជនរងគ្រោះ ឈ្មោះ រ៉ូយ ស្រីនិច ភេទស្រី អាយុ៣ឆ្នាំ បានលង់ទឹកប្រឡាយស្លាប់ ខណៈទៅមុជទឹកលេងជាមួយនឹងឪពុក ហើយឪពុកភ្លេចមើល ករណីទី២-នៅថ្ងៃទី១៩ ខែតុលានេះ ក្នុង១ថ្ងៃ ស្លាប់៣នាក់ទៀត ដោយក្នុងនោះទី១-ឈ្មោះ យឿន យី ភេទប្រុស អាយុ៥៥ឆ្នាំ កើតជម្ងឺស្កន់ រស់នៅភូមិស្ពានគ្រង ឃុំចំណាក្រោម ស្រុកស្ទោង បានដួលផ្កាប់មុខឈ្លួកទឹកស្លាប់ ទី២-កុមារាឈ្មោះ សន សម្បត្តិ អាយុ៧ឆ្នាំ បានលង់ទឹកស្ទឹងសែនស្លាប់ នៅក្នុងភូមិតាំក្រសៅ ឃុំតាំក្រសៅ ស្រុកប្រាសាទសំបូរ និងទី៣-កុមារីឈ្មោះ ចន គីមហួន អាយុ៨ឆ្នាំ បានលង់ទឹកប្រឡាយអូរ៧៣ស្លាប់ គួរឲ្យអាសូរជាទីបំផុត។
ទន្ទឹមនោះក៏មានបុរសម្នាក់ទៀតក៏ត្រូវបានគេរាយការណ៍ថា បានលង់ទឹកស្លាប់ផងដែរ នៅក្នុងខេត្តនេះ ដោយសារតែមានជំងឺស្កន់៕