រាជធានីភ្នំពេញ៖ជនសង្ស័យ២នាក់ដែលពាក់ពន្ធ័ករណីចោរកម្មត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែឃាត់ខ្លួន កាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រឆ្លងចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦នេះ នៅត្រង់ចំណុចមុខសាលាប៊ែលធីអន្តរជាតិផ្លូវជាតិ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កាត់ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ២នាក់នោះទី១ /ឈ្មោះ ឡុង វិសាល ហៅអាម៉ៅ ភេទប្រុស អាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដ។ ទី២/ឈ្មោះ ជូរ ម៉េង ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលផ្លូវរថភ្លើងក្រុម១៨ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ទ្រី គន្ធា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរគ្រូបង្រៀនស្នាក់នៅផ្ទះជួលផ្លូវលំភូមិទួលសង្កែសង្កាត់ទួលសង្កែ ខណ្ឌរឫស្សីកែវ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនកើតហេតុជនសង្ស័យឈ្មោះ ឡុង វិសាល ហៅអាម៉ៅបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះម៉ាកធូរដេពាក់ស្លាកលេខភ្នំពេញ1CG0291ជិះចេញបានបន្តិចស្រាប់តែម៉ូតូអត់សាំង ក៏ចុះបណ្តើរមកដល់ក្នុងផ្សារសាមគ្គីជួបនឹងកម្លាំងល្បាតមានការសង្ស័យក៏ឃាត់ខ្លួនពួកគេយកមកប៉ុស្តិ៍ធ្វើការសួរនាំទើបដឹងថា អ្នកទាំងពីរពាក់ព័ន្ធនឹងករណីចោរកម្ម។
បច្ទុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ត៕