ភ្នំពេញ៖នៅថ្ងៃទី២០តុលាឆ្នាំ២០១៦ម្សិលមិញសមត្ថកិច្ចបានឈានដល់ការបំបែកសំណុំរឿងឃាតកម្មសម្លាប់អ្នក បើកឡានឈ្នួលម្នាក់ទម្លាក់ចូលប្រឡាយទឹកកាលពីពេលថ្មីៗនេះជាផែនការរបស់ប្រពន្ធដើមនៃសពក្លាយជាឃាតករសម្លាប់ប្តីព្រោះគំនុំស្នេហ៍ប្តីមានប្រពន្ធចុង។
ពិតជាឈាមស្រែកស្បែកហៅប្រាកដមែន ក្នុងសំណុំរឿង ឃាតកម្មវាយសម្លាប់បុរសម្នាក់ជាអ្នកបើកបររថយន្តឈ្នួល ហើយដឹកយកសាកសពទៅទម្លាក់ចោលនៅក្នុងទឹកប្រឡាយក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅខណ្ឌពោធិ៍ សែនជ័យ ត្រូវបានប្រទះឃើញកាលពីវេលាម៉ោង១០និង៣៥នាទីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ កន្លងមក ។
ក្រោយពីសមត្ថកិច្ចជំនាញធ្វើការពិនិត្យ កោសល្យវិច័យ ស្រាវជ្រាវ រកឃើញអត្តសញ្ញាណ សាច់ញាតិ និងបន្តស្រាវជ្រាវទីបំផុត ការស្លាប់របស់បុរសខាងលើជាផែនការរៀបចំ គ្រោងទុកជាមុនរបស់ ស្ត្រីជាប្រពន្ធដើមទាំងអស់ ជួលឃាតករសម្លាប់ ប្តីរបស់ខ្លួនចោល ហើយត្រូវបាន កម្លាំងជំនាញកងរាជអាវុធហត្ថក្រុងភ្នំពេញ វែកមុខរកឃើញ ឃាត់ខ្លួនបានមនុស្ស៣នាក់ ស្រី២នាក់ ប្រុសម្នាក់ កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២០ខែតុលាឆ្នាំ២០១៦ ស្ថិតនៅដីវាលខាងក្រោយ សួនកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
សាកសពមានឈ្មោះ កៅ ផា ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ បើកបររថយន្តឈ្មួល ស្វាយរៀងកំពង់ចាម ភ្នំពេញ រស់នៅភូមិត្រពាំងដំរី ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង ។ មានប្រពន្ធចំនួន២នាក់ ទី១ ជាប្រពន្ធដើមឈ្មោះ សៅ សំអឿន អាយុ៤៦ឆ្នាំ មុខរបរនៅផ្ទះ មានកូនចំនួន៤នាក់ ប្រុស៣នាក់ ស្រី១នាក់ រស់នៅក្នុងបន្ទុកគ្រួសារ ។
ទី២ ជាប្រពន្ធចុង ឈ្មោះ ចាប សាម៉េត អាយុ៣៣ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិចុងព្រែក ឃុំកំពង់ព្រែកស្រុករមាសហែក មានស្រុកកំណើត ភូមិតាហង់ឃុំអណ្តូងពោធិ៍ស្រុករមាសហែក ខេត្តស្វាយរៀង ។ ចំណែកសម្ភារៈពាក់ព័ន្ធ រថយន្តម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-4728 និង ចិញ្ចៀនមាសមួយវង់ទម្ងន់៥ជី ។
តាមការបង្ហើបឲ្យដឹងពីសមត្ថកិច្ចបានឲ្យដឹងថា មនុស្ស៣នាក់ ពាក់ព័ន្ធក្នុងរឿងឃាតកម្មខាងលើ ហើយឃាត់ខ្លួនបាន ទី១ ស្ត្រីជាប្រពន្ធដើម ឈ្មោះ សៅ សំអឿន អាយុ៤៦ឆ្នាំ ។ ទី២ ឈ្មោះ សូរ ផា ហៅអ៊ួក អាយុ៣០ឆ្នាំ មុខរបរ បើកបររថយន្តឈ្នួល មានទីលំនៅក្បែរខាងគ្នា ជាអ្នកប្រើល្បិច ជួលរថយន្តជិះទៅខាងខេត្តសៀមរាប ហើយជាអ្នកវាយសម្លាប់ផ្ទាល់ដៃ ។ ទី៣ ស្ត្រីម្នាក់ ម៨នទាន់ស្គាល់ឈ្មោះ គ្រាន់តែដឹងថា ជាសង្សារ របស់ឈ្មោះ សូរ ផា ហៅអ៊ួក ។
ប្រភពបន្តទៀតថា ជនរងគ្រោះក្រោយពី ជនដៃដល់ ឈ្មោះសូរ ផា ជួលរថយន្ត ជិះទៅខាងខេត្តសៀមរាប នៅព្រឹកថ្ងៃទី១២ ខែតុលា លុះពេលវិលត្រឡប់មកវិញ ក្នុងថ្ងៃទី១៣ ខែតុលា មកដល់ក្នុងទឹកដីខេត្តកំពង់ធំ ឃាតករ ឈ្មោះ សូរ ផា ដែលត្រូវបាន ស្ត្រីជាប្រពន្ធដើម ឈ្មោះ សៅ សំអឿន ជួលសម្លាប់ប្តីក្នុងតម្លៃ១០០០ដុល្លារ នោះ បានធ្វើសកម្មភាពវាយ ជនរងគ្រោះបណ្តាលឲ្យស្លាប់ រួចហើយ ដឹកសាកសពតាមរថយន្តផ្សេងមួយគ្រឿងទៀត ចូលមកទីក្រុងភ្នំពេញ ដើម្បីយកសាកសព ទៅទម្លាក់ចោលក្នុងទឹកប្រឡាយ ត្រង់ចំណុចខាងលើ ហើយគេចខ្លួនបាត់ ។
លុះរហូតដល់ ព្រឹកថ្ងៃទី១៤ ខែតុលា សាកសពជនរងគ្រោះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ហើបអណ្តែតផុតពីទឹក សមត្ថកិច្ចពិនិត្យនិងកោសល្យវិច័យ ហើយធ្វើការស្រាវជ្រាវ រហូតដល់ ព្រលប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ត្រូវបាន លេចមុខ ប្រពន្ធដើម ប្រពន្ធចុង របស់ជនរងគ្រោះ មកដល់ប៉ុស្តិ៍ចោមចៅ សាកសួរ ដំណើររឿងអង្គហេតុ កម្លាំងជំនាញ ទាំងនគរបាល ទាំងកម្លាំងអាវុធហត្ថក្រុងភ្នំពេញ។លុះដល់ ថ្ងៃទី១៨ ខែតុលា រថយន្តសាំយ៉ុង របស់ជនរងគ្រោះបើកបរនោះត្រូវបាន ជនមិនស្គាល់មុខ យកទៅផ្លុងចោល នៅឯស្រុករមាសហែក ក្បែរផ្ទះជនរងគ្រោះវិញ ។
ប្រភពបន្តទៀតថាទោះជាយ៉ាងណាក៏ដោយ កម្លាំងជំនាញ បន្តស៊ើបអង្កេត ស្រាវជ្រាវ សំណុំរឿងឃាតកម្មខាងលើ ទីបំផុត ឈានទៅដល់ កម្លាំងអាវុធហត្ថក្រុងភ្នំពេញវែកមុខរកឃើញ ឃាតករនិងអ្នកជួលសម្លាប់ ឃាត់ខ្លួនមនុស្ស៣នាក់ កាលពីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦នេះហើយ ។
បច្ចុប្បន្ន ឃាតករ និងជនពាក់ព័ន្ធ សរុបគ្នា៣នាក់ ត្រូវបាននាំខ្លួនទៅកាន់ការិយាល័យជំនាញ អាវុធហត្ថក្រុងភ្នំពេញ ដើម្បីសាកសួរ និងចាត់ការទៅតាមនីតិវិធី៕