រាជធានីភ្នំពេញ៖បុរសជនជាតិវៀតណាម៣នាក់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់ និងសម្រេចឃុំខ្លួនពីបទលួចឆ្លងដែនចូលមកកម្ពុជា និងស្នាក់នៅដោយខុសច្បាប់ ព្រមទាំងក្លែងបន្លំឯកសារប្រើប្រាស់សាធារណៈ។ ការសម្រេចឃុំខ្លួននេះធ្វើឡើងកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦។
ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានបញ្ជាក់ថា ជនជាតិវៀតណាមទាំង៣នាក់នេះ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦កន្លងទៅនេះ នៅក្នុងភូមិតាងូវ សង្កាត់និរោធ ខណ្ឌមានជ័យ ដែលទី១-ឈ្មោះ ង្វៀង វ៉ាន់ធិក អាយុ២៧ឆ្នាំ មុខរបរជាងតុទូ ទី២-ឈ្មោះង្វៀង យ៉ាំងម៉ៅ អាយុ៤១ឆ្នាំ មុខរបរជាងតុទូ និងទី៣-ឈ្មោះ ឡេ យ៉ាំងហ៊ុង អាយុ៣៨ឆ្នាំ មុខរបរ ជាម្ចាស់សិប្បកម្មធ្វើទូ និងជាមេខ្លោងក្លែងក្លាយឯកសារបង្កាន់ដៃ ត្រួតពិនិត្យជនបរទេស (អ3) អន្តោប្រវេសន៍។
គួរបញ្ជាក់ថា យោងតាមច្បាប់ស្ដីពីអន្ដោប្រវេសន៍មាត្រា២៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ ជនសង្ស័យអាចជាប់ពន្ធនាគារពី៥ឆ្នាំទៅ១៥ឆ្នាំ៕