ដោយ៖ប៉ែន សុផល
បាត់ដំបង៖ក្រោមការដឹកនាំឈ្នះៗរបស់ប្រមុខរាជរាជរដ្ឋាភិបាលកម្ពុជារហូតមកដល់បច្ចុប្បន្ននេះខេត្តបាត់ដំបងទាំងមូលមានការរីកចំរើននិងអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យពិសេស វិស័យកសិកម្មជាខេត្តមួយដែលល្បីល្បាញខាងដំណាំស្រូវ ជាពិសេសបានប្រសិទ្ធនាមថាជាខេត្តជម្រុកស្រូវរបស់ព្រះរាជាណាចក្រកម្ពុជាដោយសាដីមានអំណោយផលពីធម្មជាតិសំបូរទៅដោយជីជាតិសំរាប់ដំណាំគ្រប់ប្រភេទពិសេសដំណាំស្រូវ។
លោក ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍បែបនេះនៅក្នុងពិធីបង្ហាញការស្ទូងស្រូវពូជដោយម៉ាស៊ីនស្វ័យប្រវត្តិនៅសហគមន៍កសិកម្មពន្លឺព្រៃតូច ក្នុងភូមិដុបក្រសាំង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦នេះ។
លោកបន្តថា សេដ្ឋកិច្ចចម្បងរបស់ខេត្ត ពឹងផ្អែកលើវិស័យកសិកម្ម ដោយខេត្តមានប្រភពទឹកសំខាន់ៗចំនួនបួន គឺស្ទឹងដូនទ្រី ស្ទឹងសង្កែ ស្ទឹងមង្គលបូរី និងអាងទឹកកំពីងពួយ មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាលកម្ពុជាបានខិតខំកសាងប្រព័ន្ធធារាសាស្ត្រធំៗមួយចំនួនបន្ថែមទៀត ក្នុងនោះមាន ទំនប់កង្ហត ស្រុកបាណន់ ដែលមានលទ្ធភាពស្រោចស្របលើផ្ទៃដីកសិកម្ម ៧ម៉ឺនហិកតាក្នុងភូមិសាស្ត្រស្រុកបាណន់ ស្រុកសង្កែ ស្រុកគាស់ក្រឡ និងស្រុកមោងឫស្សី។
ដោយឡែកលោកឧកញ៉ា ភួ ពុយ ប្រធានសភាពាណិជ្ជកម្ម តំណាងឲ្យក្រុមហ៊ុនម៉ាស៊ីនកិនស្រូវបៃតង និងជាតំណាងធនាគារស្រូវបាត់ដំបង បានមានប្រសាសន៍ថា៖ដោយពិនិត្យឃើញសក្តានុពលរបស់ខេត្តមានអំណោយផលលើវិស័យកសិកម្ម ពិសេសផ្អែកដំណាំស្រូវទើបរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចជ្រើសរើសខេត្តបាត់ដំបង ជាខេត្តមួយក្នុងចំណោមខេត្តគោលដៅទាំង៣នៃកម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ដោយមានអង្គភាពអនុវត្តន៍គម្រោងថ្នាក់ជាតិចំនួន៤ក្នុងនោះមាន៖ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងមានខេត្តគោលដៅចំនួន៣ក្នុងនោះមាន៖ខេត្តបាត់ដំបង ខេត្តកំពង់ធំ និងខេត្តព្រៃវៃង។ ហើយចំពោះខេត្តបាត់ដំបងមានស្រុកគោលដៅចំនួន៤គឺ ស្រុកមោងឫស្សី ស្រុករុក្ខគីរី ស្រុកថ្មគោល និងស្រុកបវេល។
លោកឧកញ៉ាបន្តថា បញ្ហាដែលធ្វើអោយប្រឈមក្នុងការធ្លាក់តម្លៃស្រូវយ៉ាងគំហុកបែបនេះព្រោះមានការប្រកួតប្រជែង ទីផ្សារសកលលោកទាំងគុណភាពនិងតម្លៃដែលមានកត្តាជាច្រើនទាំងកត្តាផលិត និងកែច្នៃ និងការដាំដុះ កែប្រែទាំងពូជ ទាំងបច្ចេកទេស ហើយមុននាំចេញអង្ករត្រូវមានក្រុមត្រួតពិនិត្យអង្ករសំរាប់នាំចេញ យើងផលិតទៅតាមបច្ចេកទេសនិងមានគុណភាពល្អទើបយើងអាចនាំចេញដោយរលូនបាន។
លោកស្រី ម៉ៅ ម៉ុន កសិករគំរូ និងជាសមាជិកសហគមន៍កសិកម្មបានបញ្ជាក់ថា៖ការស្ទូងស្រូវពូជដោយម៉ាស៊ីនស្វ័យប្រវត្តិគឺបានកាត់បន្ថយការចំណាយច្រើនទាំងកម្លាំងមនុស្ស ទាំងពូជស្រូវ ហើយទទួលបានទិន្នផលច្រើន ដោយកន្លងមកយើងសាបព្រោះដោយដៃយើងចំណាយពូជក្នុងមួយហិកតា៣០០គីឡូក្រាមពេលនេះយើងស្ទូងស្រូវពូជដោយម៉ាស៊ីនស្វ័យប្រវត្តិយើងចំណាយក្នុងមួយហិកតាក្រោម១៥០គីឡូក្រាមវាខុសគ្នាមួយភាគពីហើយទិន្នផលបានខ្ពស់ជាងការសាបព្រោះដោយដៃ៕
អាជ្ញាធរខេត្តជំរុញអោយពលរដ្ឋយកចិត្តទុកដាក់លើវិស័យកសិកម្ម