រាជធានីភ្នំពេញ៖ជនជាតិវៀតណាម២២នាក់ ស្រី៧នាក់ ដែលបានចូលមករស់នៅ និងធ្វើការដោយគ្មានច្បាប់អនុញ្ញាតត្រូវបានកម្លាំងនគរបាលអន្តោប្រវេសន៍សហការជាមួយ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឃាត់។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីបានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងនៅព្រឹកព្រលឹម ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦នេះក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះអាជ្ញារងអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងនៅ លំនៅដ្ឋាន និងហាងកាហ្វេ ស្ថិតក្នុងភូមិ៨ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងការឃាត់ខ្លួនជនជាតិវៀតណាម សរុប២២នាក់ ក្នុងនោះស្រី៧នាក់ ពីបទ លួចឆ្លងដែន ស្នាក់នៅធ្វើការរកស៊ី ដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន។
ក្រោយពីឃាត់ខ្លួនជនជាតិវៀតណាម ទាំង២២នាក់នេះ ត្រូវបានបញ្ជូនខ្លួនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីចាត់ការតាមនីតិវីធី៕