​ប្លន់​ម៉ូតូ​​ទៀតហើយ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​យប់មិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 October, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​បុរស​២​នាក់​ត្រូវ​ជនសង្ស័យ​២​នាក់​កៀរ​ចូល​ខាង​រួច​ដក​កូនកាំបិត​ភ្ជង់​ប្លន់​យក​ម៉ូតូ​ទៅ​បាត់ ខណៈ​ជិះ​ម៉ូតូ​ត្រឡប់មកផ្ទះ​វិញ ដែល​ករណីនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៦ នៅតាម​ផ្លូវ​បេតុង​វត្ត​អង្គ​ត្រគៀត ភូមិ​អង្គ​ត្រគៀត សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ជនរងគ្រោះ​ឈ្មោះ ទួន ទូ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សេន​ជ័យ មាន​ស្រុកកំណើត​ភូមិ​ព្រ​ងិ​ល ឃុំ​ព្រ​ងិ​ល ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្តពោធិ៍សាត់​។ ចំណែក​ម៉ូតូ​ដែល​ត្រូវ​ចោ​ប្លន់​យកទៅ​បាត់​នោះ​ម៉ាក​ស្កុ​ពី ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ ពោធិ៍សាត់ 1E-4092 ។​
​ប្រភពពី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ រូបគេ​និង​មិត្តភក្តិ​ម្នាក់ទៀត​បាន​ទៅ​ផឹកស៊ី​នៅផ្ទះ​មិត្តភក្តិ​នៅ​ម្តុំ​ទួល​កី លុះ​មកដល់​ម៉ោង​កើតហេតុ​រូបគេ​ទាំង​២​នាក់​បាននាំគ្នា​ត្រឡប់មកផ្ទះ​វិញ​ដោយ​ជិះ​ម៉ូតូ​ម៉ូតូ​ស្កុ​ពី​១​គ្រឿង ខណៈ​មកដល់​ផ្លូវ​បេតុង​ចូល​វត្ត​អង្គ​ត្រគៀត​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ មិន​ចាំ​ស៊េរី បាន​ជិះ​មក​ជិត​ហើយ​កៀរ​ម៉ូតូ​គេ​ចូល​កៀន​ផ្លូវ និង​យក​កាំបិត​មក​ភ្ជង់​គំរាម​ប្លន់ តែ​រូបគេ​មិន​ព្រម​ឲ្យ​ម៉ូតូ​ទេ​ដោយនៅ​គិតថា​ស្តាយ ទើប​រូបគេ​តដៃ ជាមួយ​ជនសង្ស័យ​បណ្តាល​ជនសង្ស័យ​ចាក់​ត្រូវ​កដៃ​ខាងឆ្វេង​រួច​យក​ម៉ូតូ​របស់គេ​ជិះ​ចេញទៅ​បាត់​តែម្តង​។​
​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​បាន​ដើរទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ចោមចៅ តែ​ដោយ​មិនមែនជា​ទឹកដី​កើតហេតុ សមត្ថកិច្ច​បាន​ដឹក​ជនរងគ្រោះ​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​កន្ទោក​៕

aaa48232-667a-48ba-af07-fa33daf54054