រាជធានីភ្នំពេញ៖តុលាការកំពូលសម្រេចនៅព្រឹកថ្ងៃទី២៦ ខែតុលានេះបានសម្រេចបដិសេធចំពោះការស្នើសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់លោក មាជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងទទួលបន្ទុកផ្នែកព័ត៌មាន។ ការសម្រេចនេះធ្វើឡើងដោយកំបាំងមុខលោក មាជ សុវណ្ណារ៉ា ដោយសារលោកមាជ សុវណ្ណារ៉ា ស្នើសុំមកតុលាការកំពូល មិនចូលរួមការស្តាប់សាលដីកា។
សម្រេចបែបនេះដោយសំអាងថា សំណុំរឿងលោក មាជ សុវណ្ណារ៉ា បានធ្លាក់ដល់រឿងអង្គសេចក្តីរួចហើយ ណាមួយលោក មាជ សុវណ្ណារ៉ា ត្រូវតុលាការថ្នាក់ក្រោមផ្តន្ទាទោស២០ឆ្នាំរួចហើយដែរ។ ដូច្នេះការសម្រេចមិនអនុញ្ញាតឲ្យលោក មាជ សុវណ្ណារ៉ា នៅក្រៅឃុំបណ្តោះអាសន្នជារឿងត្រឹមត្រូវ។ នេះបើប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល លោកស្រី គិម សត្ថាវី បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន។
ដោយឡែកមេធាវីការពារក្ដីលោក មាជ សុវណ្ណារ៉ា លោក ជូង ជូងី ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ការសម្រេចរបស់តុលាការកំពូល ជារឿងមិនត្រឹមត្រូវ ព្រោះការសម្រេចមិនអនុញ្ញាតឲ្យលោក មាជ សុវណ្ណារ៉ា ចេញទៅក្រៅប្រទេស មុនពេលតុលាការផ្តន្ទាទោស៕