ឧត្តរមានជ័យ៖ ចាប់តាំងពីថ្ងៃទី២២ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ កន្លងទៅ អាជ្ញាធរខេត្តឧត្តរមានជ័យ បានជួបប្រជុំជាមួយអាជ្ញាធរខេត្តសុរិន្ទរបស់ថៃចំនួន ២លើក ដើម្បីស្នើសុំឱ្យទាហានការពារព្រំដែនថៃ នៃស្រុកកាប់ជើង បញ្ឈប់ការសាងសង់សំណង់នៅក្នុងបន្ទាត់ព្រំដែនដែលហាមឃាត់។
ការជួបជជែករវាងអាជ្ញាធរស៊ីវិល និងមានមេបញ្ជាការកងទ័ពការពារព្រំដែនទាំងសងខាងចូលរួមផងនោះ គឺបន្ទាប់ពីភាគីថៃ បានចូលមកសាងសង់អគារ និងអង់តែន នៅក្នុងតំបន់ហាមឃាត់ចម្ងាយប្រមាណ ១០ម៉ែត្រ ពីខ្សែលួសនៃព្រំដែនខ្មែរ ច្រកអូរស្មាច់ ក្រុងសំរោង។
អាជ្ញាធរខេត្តឧត្តរមានជ័យឱ្យដឹងថា គេកំពុងបញ្ជាការឱ្យកម្លាំងជាច្រើនផ្នែកដែលពាក់ព័ន្ធ និងកិច្ចការព្រំដែន តាមឃ្លាំមើលសកម្មភាពរបស់ទាហានថៃ ខ្លាចក្រែងមានការលួចសាងសង់សំណង់ខុសច្បាប់នៅតំបន់ព្រំដែនដែលហាមឃាត់ជាបន្តទៅទៀត។
ការបញ្ជាឱ្យតាមឃ្លាំមើលនេះ គឺនៅស្របពេលដែលមិនទាន់មានការជឿជាក់ទាំងស្រុងថា ភាគីថៃ អាចនឹងបោះបង់ចោលការសាងសង់នៅឡើយ បើទោះបីជាថៃ បានសន្យាថា នឹងផ្អាកការសាងសង់ជាបណ្ដោះអាសន្នក៏ដោយ។
អភិបាលខេត្តឧត្តរមានជ័យ គឺលោក ស ថាវី។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃច័ន្ទ ទី៥ ខែមករា ថា លោកបានចាត់តាំងមន្ត្រីខ្មែរជាច្រើនដែលប្រចាំការនៅច្រកទ្វារ ព្រំដែនអន្តរជាតិអូរស្មាច់ ឱ្យតាមឃ្លាំមើលសកម្មភាពទាហានថៃ ជាប្រចាំ ខ្លាចក្រែងមានការចូលមកសាងសង់នៅក្នុងតំបន់ព្រំដែនហាមឃាត់ទៀត។
លោក ស ថាវី បញ្ជាក់ថា ប្រសិនបើទាហានថៃ ចាប់បន្តការសាងសង់ពេលណា គឺកម្ពុជានឹងចាត់វិធានការរារាំងភ្លាម៖ «សមត្ថកិច្ច ច្រកនឹងទំនាក់ទំនងព្រំដែន កងកម្លាំងរបស់យើងនៅតាមខ្សែបន្ទាត់ព្រំដែន គឺតាមឃ្លាំមើលជានិច្ច។ បើកាលណាមានការសាងសង់នៅតំបន់ហាមឃាត់ យើងចាត់វិធានការ។ ទី១ ហាមឃាត់ ទី២ អ្វីដែលសាងសង់ ហើយឱ្យរុះរើចេញ ទី៣ សូមឱ្យរក្សាសភាពដើមដដែល»។
ចាប់តាំងពីដើមខែធ្នូ ឆ្នាំ២០១៤ ភាគីថៃ បានព្យាយាមចាក់គ្រឹះបេតុង សាងសង់អគារសាលប្រជុំ១ខ្នងធំ អគារស្នាក់នៅចំនួន ១៤ខ្នង និងបង្គោលអង់តែន វិទ្យុទាក់ទង ១កន្លែង ដោយចូលជ្រៅមកក្នុងតំបន់ព្រំដែនហាមឃាត់ចម្ងាយប្រមាណ ១០ម៉ែត្រពីខ្សែលួសនៃព្រំដែនខ្មែរ ច្រកអូរស្មាច់។
កម្លាំងការពារព្រំដែនខ្មែរ បានចូលទៅហាមឃាត់សកម្មភាពនោះ ក៏ប៉ុន្តែភាគីថៃ នៅបដិសេធដោយអះអាងថា គឺគេសាងសង់នៅលើទីតាំងចាស់។
កាលពីថ្ងៃទី២២ រហូតដល់ថ្ងៃទី៣១ ខែធ្នូ កន្លងទៅ អភិបាលខេត្តឧត្តរមានជ័យ លោក ស ថាវី បានជួបប្រជុំជាមួយអភិបាលរងខេត្តសុរិន្ទ លោក ឆាតឆៃ សុវណ្ណ (Chatchai Sovan) និងនាយសេនាធិការរបស់កងកម្លាំងស៊ូរ៉ាក់ណារីរបស់ថៃ លោក ណាត់ សាអ៊ីន (Nat Sain) ដោយស្នើសុំឱ្យកងការពារព្រំដែនថៃ បញ្ឈប់ការសាងសង់នោះទាំងស្រុង។
មន្ត្រីច្រកព្រំដែនកម្ពុជា អះអាងថា ភាគីថៃ ហាក់នៅបង្ហាញជំហរមិនច្បាស់លាស់ដើម្បីបញ្ឈប់ការសាងសង់នោះនៅឡើយ។
ប្រធានច្រកអន្តជាតិអូរស្មាច់ លោក រ៉ែម ផល្លាវី មានប្រសាសន៍ថា នៅពេលដែលអាជ្ញាធរខេត្តឧត្តរមានជ័យ និងអាជ្ញាធរខេត្តសុរិន្ទ របស់ថៃ ជួបប្រជុំគ្នានោះ ភាគីថៃ បានសន្យាថានឹងផ្អាកការសាងសង់មួយរយៈ ដើម្បីឆ្លងឆ្នាំថ្មីប៉ុណ្ណោះ៖ «ខ្ញុំនៅទីនេះ អ្វីដែលមានកើតឡើងគឺខ្ញុំនឹងរាយការណ៍ជូនអភិបាលខេត្តឱ្យគាត់ ជ្រាប។ យើងនៅតែប្រកាន់ជំហរមិនឱ្យសាងសង់ហ្នឹង ព្រោះវាបានរំលោភទៅលើកិច្ចព្រមព្រៀងអនុស្សរណៈនៃការយោគយល់គ្នា»។
មន្ត្រីកម្ពុជា រំលឹកថា អនុស្សរណៈនៃការយល់យល់គ្នារវាងកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០០០ កន្លងទៅ បានដាក់តំបន់ដែលថៃ ព្យាយាមចូលសាងសង់នោះគឺជាតំបន់ហាមឃាត់ដែលមិនមានភាគីណារំលោភ បំពានបានឡើយ។ បើភាគីណាមួយរំលោភ គឺប្រទេសទាំងពីរអាចនឹងកើតមានបញ្ហាជម្លោះព្រំដែន៕
អាជ្ញាធរខេត្តឧត្តរមានជ័យ និងអាជ្ញាធរខេត្តសុរិន្ទ ពិនិត្យមើលការសាងសង់សំណង់របស់ភាគីថៃ ដែលរំលោភចូលតំបន់ហាមឃាត់ កាលពីថ្ងៃទី៣១ ធ្នូ ២០១៤។