រាជធានីភ្នំពេញ៖ទណ្ឌិតឈ្មោះ សោម ឯក ត្រូវបានសមត្ថកិច្ចបញ្ជូនទៅពន្ធនាគារព្រៃសវិញហើយ បន្ទាប់ពីធ្វើការសាកសួរចប់សព្វគ្រប់ ។ ទណ្ឌិត សោម ឯក ដែលបានគេចខ្លួនកាលពីថ្ងៃទី៨ តុលា កន្លងមកនេះ ទីបំផុតក្នុងរយៈពេល១៨ថ្ងៃក្រោយការរត់គេចខ្លួន សោម ឯក ត្រូវបានចាប់ខ្លួនបាននៅលើកំពូលភ្នំគូលែន នៅវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី២៦ តុលា ហើយបញ្ចូនមកនាយកដ្ឋានប្រឆាំងភាវរ:កម្មក្រសួងមហាផ្ទៃ ដើម្បីសួរចម្លើយនៅព្រឹកថ្ងៃទី២៧ ខែតុលានេះ ។
តាមប្រភពព័ត៌មានខ្លះៗពីមន្ត្រីជិតដិតនឹងបេសកកម្មតាមប្រមាញ់សោម ឯក បានឱ្យដឹងថា ក្រោយពីរត់គេចខ្លួនចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតហៅមន្ទីរពេទ្យរុស្ស៊ី សោម ឯក បានធ្វើដំណើរទៅកាន់ខេត្តសៀមរាប និងស្នាក់នៅផ្ទះមិត្តភក្តិក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប រហូតដល់ថ្ងៃចាប់ខ្លួន ។
មុនការចាប់ខ្លួន តាមប្រភពបានទម្លាយឱ្យដឹងថា ទណ្ឌិតសោម ឯក បានជួលម៉ូតូឌុបជិះទៅលេងភ្នំគូលែនក្នុងតម្លៃ១៥ដុល្លារ ។ នៅវេលាម៉ោងប្រមាណជាង១០ព្រឹកថ្ងៃទី២៦ តុលា សោម ឯក ត្រូវបានចាប់ខ្លួននៅកន្លែងទឹកធ្លាក់លើខ្នងភ្នំគូលែន ក្នុងភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ ក្រោយការចាប់ខ្លួន សោម ឯក ត្រូវបាននាំភ្លាមៗមកកាន់ក្រសួងមហាផ្ទៃ ដែលការនាំខ្លួននោះធ្វើឡើងដោយប៉ូលិសនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនក្រសួងមហាផ្ទៃ ។
គួរបញ្ជាក់ថា ទណ្ឌិត សោម ឯក ហៅ ជា គឹមហ៊ួន ជាអតីតទាហានចូលបម្រើការនៅក្រសួងការពារជាតិតាំងពីឆ្នាំ១៩៧៩រហូតដល់ឆ្នាំ២០០៣ ។ សោម ឯក ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារសរុបចំនួន៤៦ឆ្នាំ ក្នុងនោះករណីទី១ពីបទបង្កើតចលនាកងទ័ពក្បាលខ្លាខុសច្បាប់ ដែលត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារចំនួន១៨ឆ្នាំ និងមួយករណីទៀតពីបទបំផ្ទុះគ្រាប់ធ្វើភេរវកម្មនៅមុខក្រសួងការពារជាតិកាលពីថ្ងៃទី៧ មករា ឆ្នាំ២០០៩ ដោយតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារចំនួន២៨ឆ្នាំ៕