រថយន្ត​បែន​ដឹក​ដី​២​គ្រឿង​បុកគ្នា​គាប​អ្នកបើក​បាក់ជើង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 October, 2016 ក+ ក-

​ភ្នំពេញ​៖​រថយន្ត​បែន​មួយគ្រឿង បោះពួយ​ក្នុង​ល្បឿន​លឿន​វ៉ា​ជែង​ជ្រុល​ចង្កូត​ជ្រុល​ទៅបុក​រថយន្ត​បែន​មួយគ្រឿង​ទៀត បើក​ច្រាសទិស យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​ម្នាក់​របួស​ជើង​គាប​ជាប់​ក្នុង​កាប៊ីន​ចំណែក​អ្នកបើកបរ​ម្ខាង​ទៀត​រត់គេច​ទៅ​បាត់​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៦​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ភូមិ​ពងទឹក សង្កាត់​ពងទឹក ខណ្ឌដង្កោ ។​
​ជនរងគ្រោះ គាប​ជាប់​ក្នុង​កាប៊ីន​ឈ្មោះ ប៊ី ឃុន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរ បើកបរ​រថយន្ត បែន កង់​៦​ម៉ាក ហ៊ីយ៉ាន់ដាយ​ពណ៌​ស ពាក់​ស្លាក​លេខ​ព្រះសីហនុ 3A-3553 ដឹក​ថ្ម​ពេញ​រថយន្ត​មាន​ទីលំនៅ​ភូមិ​ស្លែង​ឃុំ​រំពេរ ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ​និង​អ្នករួមដំណើរ​ម្នាក់ទៀត ជា​ព្រូ​រថយន្ត មានឈ្មោះ ជិន ស៊ី​ហា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ត្រូវជា​ក្មួយ រស់នៅ​ភូមិ ឃុំ​ជាមួយគ្នា មិនមាន​របួស ។​
​ចំណែក​រថយន្ត​មួយគ្រឿង​ទៀត ប្រភេទ​បែន កង់​៦ ពណ៌​ស ម៉ាក MISTUBISI ពាក់​ស្លាក​លេខ ចង្កូត​ស្តាំ PP-0176 អ្នកបើកបរ មិន​ស្គាល់​អត្តសញ្ញាណ ក្រោយ​កើតហេតុ បាន​គេចខ្លួនបាត់ ។​
​តាម​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ រថយន្ត​បង្ក ម៉ាក MISTUBISI បើក​បោះពួយ ពី​ជើង​ទៅ​ត្បូង​ល្បឿន​លឿន ដល់​ចំណុច​ខាងលើ វ៉ា​ជែង​រថយន្ត​ខាងមុខ​រេ​ចង្កូត​ជ្រុល​ទៅ​ទៅ​បំណែក​ផ្លូវ​ម្ខាង ជ្រុល​ទៅបុក​រថយន្ត​បែន មួយគ្រឿង​ទៀត បើក​ពី​ត្បូង​ទៅ​ជើង​ច្រាសទិស​គ្នា​បណ្តាល​ឲ្យ​រថយន្ត​ទាំង​២​គ្រឿង​គាប​ជាប់​ក្បាល​គ្នា រងរបួស​អ្នកបើកបរ ម្នាក់​គាប​ជាប់​នៅក្នុង​កាប៊ីន របួស​ជើង រីឯ​អ្នកបើកបរ​រថយន្ត​បង្ក​បាន​គេចខ្លួនបាត់ ។​
​ក្រោយ​កើតហេតុ ជនរងគ្រោះ​ត្រូវបាន ក្រុម​សង្គ្រោះ​របស់​អង្គភាព​៧១១ កងពលតូច​លេខ​៧០ យក​រថយន្ត និង​ឧ​បករ​ណ៏​ទៅ​វះទាញយក​ជនរងគ្រោះ និង​ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ព្រះ​កុ​សុមៈ ។​
​ដោយឡែក​រថយន្ត​ទាំងពីរ​គ្រឿង ត្រូវបាន សមត្ថកិច្ច​ជំនាញ វាស់វែង​រួច​យកទៅ​រក្សាទុក​នៅ​ផ្នែក​ជំនាញ អធិការដ្ឋាន​ខណ្ឌ រងចាំ​ដោះស្រាយ​ពេល​ក្រោយ៕

14825705_1782926975279198_1891741685_n14872674_1782926968612532_24330603_n14877090_1782926971945865_361182572_n14885900_1782926978612531_2003021478_n14886167_1782926988612530_1862122993_n