ភ្នំពេញ៖ក្រសួងរ៉ែ និងថាមពលជូន ដំណឹងដល់គណៈអភិបាលរាជធានីខេត្តចំនួន៣ គឺរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រៃវែង សុំឲ្យបញ្ឈប់ក្រុមហ៊ុនធ្វើអាជីវកម្មបូមខ្សាច់ នៅតាមដងទន្លេមេគង្គលើ ទន្លេមេគង្គក្រោម និងទន្លេបាសាក់។
សេចក្ដីជូនដំណឹងរបស់ក្រសួងរ៉ែ និងថាមពល ចុះថ្ងៃទី ៣០ ធ្នូ ២០១៤ តម្រូវឲ្យរាជធានីខេត្តទាំង៣ នេះ ត្រូវហាមឃាត់ និងដាក់តំបន់នេះ មិនឲ្យធ្វើអាជីវកម្មបូមខ្សាច់ឡើយ។ ក្នុងលិខិតបន្តថា តាំងពីឆ្នាំ ២០១១ មក អតីតក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល បានលុបអាជ្ញាធរប័ណ្ណបូមខ្សាច់ទាំងអស់ហើយ ចំណែកឯក្រសួងរ៉ែ និងថាមពលថ្មី ក៏មិនដែរចេញអាជ្ញាប័ណ្ណបូមខ្សាច់ដល់ក្រុមហ៊ុន ឬបុគ្គលណាមួយឡើយ។
សេចក្ដីជូនដំណឹងរបស់ក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា បើមានកាណូត ទូក សាឡង់ ឬសកម្មភាពបូមខ្សាច់ក្នុងតំបន់ទាំង៣នោះ អាជ្ញាធរមានសមត្ថកិច្ចត្រូវចាត់វិធានការទប់ស្កាត់ បង្ក្រាប និងផ្ដន្ទាទោសតាមច្បាប់ជាធរមាន ដោយពិន័យជាប្រាក់ពី១លាន ដល់ ១០លានរៀល និងដាក់ពន្ធនាគារពី ១ឆ្នាំ ដល់ ៥ឆ្នាំ តាមមាត្រា ៣៥ នៃច្បាប់ស្ដីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ៕ rfa
សកម្មភាពកាណូតបូមខ្សាច់នៅមុខព្រះបរម រាជវាំង កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤