ដោយ៖ប៉ែន សុផល
ខេត្តបាត់ដំបង៖លោកស៊ុន សុវណ្ណ អធិការដ្ឋាននគរបាលស្រុកសង្កែបានអោយដឹងថា បន្ទាប់ពីទទួលបានបណ្តឹងពីជនរងគ្រោះនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ លោកបានចាត់កម្លាំងចុះឃាត់ខ្លួនជនសង្ស័យម្នាក់ជាមេការឡឥដ្ឋ ហើយកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការនគរបាលខេត្តបាត់ដំបងដើម្បីមានវិធានការបន្ត។
ជនសង្ស័យមានឈ្មោះអ៊ុក ជាមេការឡឥដ្ឋ១កន្លែងឋិតនៅក្នុងភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង រីឯជនរងគ្រោះមានឈ្មោះ ជ.ភ អាយុប្រមាណ៣០ឆ្នាំ របរកម្មករឡឥដ្ឋរស់នៅក្នុងទីតាំងកើតហេតុខាងលើ។
ប្តីជនរងគ្រោះលោក ប៉ិច ពៅ អាយុ៣៩ឆ្នាំបានបញ្ជាក់ថា ជនសង្ស័យបានឆ្លៀតឱកាសបង្ខំចាប់រំលោភបានសម្រេចលើប្រពន្ធរបស់ខ្លួននៅពេលដែលលោកចេញទៅធ្វើការ ដោយលើកទី១ ជនសង្ស័យបានប្រើខ្លួនជាប្តីទៅដឹកឥដ្ឋអោយភ្ញៀវនៅម៉ោងប្រមាណ៩ និង០០ព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦និងបង្ខំរំលោភលើកទី២ ជនសង្ស័យបានបញ្ជាអោយខ្លួនជាប្តីជនរងគ្រោះទៅដឹកដីយកមកចាក់ពុម្ពឥដ្ឋ នៅវេលាម៉ោងប្រមាណជាង៨ និង០០យប់ នាថ្ងៃទី២៨ ខែនិងឆ្នាំដដែល។
អ្នកស្រីជនរងគ្រោះឈ្មោះ ជ ភ ដែលមានកូនក្នុងបន្ទុកចំនួន៣នាក់បានរៀបរាប់អោយដឹងដែរថា ក្រោយពីការកើតហេតុខ្លួននិងប្តីបានសម្រេចចិត្តឈប់ធ្វើការនិងឈប់រស់នៅធ្វើជាកម្មករឡឥដ្ឋក្នុងទីតាំងខាងលើ ហើយទាំងពីរនាក់បានទៅទាប្លង់ដីពីជនសង្ស័យដែលខ្លួនបានដាក់បញ្ចាំពីការខ្ចីលុយហើយបានសងអស់រួចរាល់ ប៉ុន្តែជនសង្ស័យមិនបានអោយប្លង់ដីវិញទេ ថែមទាំងបានគំរាមចាក់សម្លាប់ពួកខ្លួនចោលថែមទៀត ទើបលោកនិងប្រពន្ធរត់ទៅប្តឹងដល់សមត្ថកិច្ចមូលដ្ឋានតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនៃអធិការនគរបាលស្រុកសង្កែកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីអនុវត្តន៍បន្តតាមច្បាប់៕