ខេត្តបន្ទាយមានជ័យ៖មានការភ្ញាក់ផ្អើលកាលពីព្រលឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ បន្ទាប់ពីសាកពសយុវជនកម្មករចាក់លូក្រុមហ៊ុនឯកជនម្នាក់ចងកសម្លាប់ខ្លួននៅក្បែរស្រះទឹក ដែលករណីនេះកើតឡើងក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។ ជនរងគ្រោះឈ្មោះ ហៀត ម៉េងឡុង អាយុ១៧ឆ្នាំ ជាកម្មករចាក់លូឲ្យក្រុមហ៊ុនឯកជនមួយ មានស្រុកកំណើតនៅខេត្តកំពង់ចាម ស្នាក់នៅចំណុចកើតហេតុ ។
ឪពុកបង្កើតជនរងគ្រោះឈ្មោះ ណ ម៉េងហៀត អាយុ៤៤ឆ្នាំ បានរៀបរាប់សមត្ថកិច្ចឲ្យដឹងថា មុនកើតហេតុកាលពីម៉ោងប្រហែល៨យប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ កូនប្រុសរបស់គាត់ផឹកស៊ីជាមួយកម្មកររួមអាជីពក្នុងក្រុមហ៊ុនចាក់លូ គាត់ក៏ស្តីបន្ទោសតិចតួចស្រាប់តែកូនគាត់ខឹង និងបោកកម្ទេចទូរស័ព្ទដៃ១គ្រឿង ហើយដើរចេញទៅបាត់ លុះព្រឹកឡើងអ្នកស្រុកទៅរែកទឹកស្រះស្រាប់តែប្រទះឃើញសពជនរងគ្រោះ ខណៈក្រុមកម្មករនាំគ្នាទៅមើលទើបដឹងថាជាកូនរបស់គាត់តែម្តង។
សមត្ថកិច្ចនគរបាលក្រុង និងក្រុមគ្រូពេទ្យបានចុះដល់កន្លែងកើតហេតុដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីត្រួតពិនិត្យ និងធ្វើកោសល្យវិច្ច័យសព ។ គ្រូពេទ្យជំនាញបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយចង.កពិតប្រាកដមែន បន្ទាប់មកសមត្ថកិច្ចក៏បានធ្វើកំណត់ប្រគល់សពទៅសាច់ញាតិ និងឪពុកម្តាយដឹកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕