រាជធានីភ្នំពេញ៖បុរសម្នាក់ដេកផ្កាប់មុខស្លាប់គួរឲ្យអាណោចអាធ័ម ខណៈពេលជិះម៉ូតូមកពីស្រុកកំណើតវិញត្រូវរថយន្តកៀរ បុកអូសជាច្រើនម៉ែត្រ រួចកិនពីលើថែមទៀត ហើយបើករត់បាត់ស្រមោល។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិលេខ៦ ចន្លោះស្ពានទី១១-១២ ស្ថិតក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងរូបលោកមិនបានដឹងថាមានមនុស្សស្លាប់ទេ ពេលដែលបើកជិតដល់កន្លែងកើតហេតុក៏ឃើញមនុស្សដេកផ្កាប់មុខបែកក្បាលខ្ទេចដាច់លលាដ៍ក្បាលខាងលើ និងមានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ស៊េរី២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1P-7048 ដួលកណ្តាលផ្លូវ ទើបរូបលោករាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះមកពិនិត្យភ្លាមៗដែរ។
សមត្ថកិច្ចពិនិត្យជាជំហានដំបូងបានសន្និដ្ឋានថា សពអាចត្រូវរថយន្តបើកកៀរពីក្រោយអូសជាច្រើនម៉ែត្រ ហើយទើបកិនពីលើដាច់លលាដ៍ក្បាលផ្នែកខាងលើស្លាប់តែម្តង ព្រោះគេពិនិត្យឃើញពីកន្លែងបុកដល់ទីតាំងសពមានប្រវែង១០ម៉ែត្រ ។ សមត្ថកិច្ចបញ្ជាក់ថា សពជនរងគ្រោះឈ្មោះ សាយ ម៉ាយ ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរជាកម្មករសំណង់ មានស្រុកកំណើតនៅភូមិគងជ័យលិច ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។
ក្រោយពេលកើតហេតុសពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើត ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍បាក់ខែង១យប់រង់ចាំពេលព្រឹកឲ្យខាងសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ដើម្បីប្រគល់ឲ្យម្ចាស់ដើមវិញ៕