ខេត្តពោធិ៍សាត់៖កម្លាំងនគរបាលក្រុងពោធិ៍សាត់សហការជាមួយមន្ត្រីធម្មការខេត្តបានធ្វើការឃាត់ខ្លួនជនកំហូច២នាក់ ដែលបន្លំខ្លួនធ្វើជាព្រះសង្ឃដើរបិណ្ឌបាត្រនៅចំណុចផ្សារថ្មីពោធិ៍សាត់ ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ប្រភពឱ្យដឹងថា ជនសង្ស័យដែលក្លែងខ្លួនជាសង្ឃដើរបិណ្ឌបាត្រនេះ ១-ឈ្មោះ សួង អ៊ុត អាយុ៤៨ឆ្នាំ និង២-ឈ្មោះ គង់ បូរ៉ា អាយុ៣៤ឆ្នាំ ទាំង២នាក់មានទីលំនៅភូមិស្អាង ឃុំស្អាង ស្រុកដងទង់ ខេត្តកំពត ។ ប្រភពបន្តថា រយៈពេលប៉ុន្មានថ្ងៃមកហើយ ដែលប្រធានមន្ទីរធម្មការ និងសាសនាខេត្តតាមដានឃើញព្រះសង្ឃ២អង្គនេះ មិនដឹងនៅវត្តណាទេ បានធ្វើនិមន្តដើរបិណ្ឌបាត្រក្នុងផ្សារ តាមភោជនីយដ្ឋាន និងតាមទីប្រជុំជននានា គ្មានពេលវេលាច្បាស់លាស់ ក្នុងការប្រតិបត្តិវិន័យសង្ឃ។
លោកសង្ឃក្លែងក្លាយ២អង្គត្រូវបានប្រធានមន្ទីរធម្មការ និងសាសនារាយការណ៍ជូនមេគណៈខេត្តចាប់ដោះស្បង់ចីវរ និងផ្សឹក កាលពីថ្ងៃទី៣១ តុលា កន្លងមក ហើយត្រូវលោកអភិបាលខេត្តឯកភាពឱ្យសមត្ថកិច្ច គ្រាន់តែធ្វើកិច្ចសន្យាអប់រំណែនាំឱ្យបញ្ឈប់ប្រព្រឹត្តអំពើបែបនេះតទៅទៀត រួចឱ្យវិលត្រឡប់ទៅផ្ទះវិញធម្មតា នាព្រឹកថ្ងៃទី០២ តុលា ២០១៦៕