ខេត្តកំពត៖មានករណីភ្ញាក់មួយកើតឡើងនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បន្ទាប់ពីក្មេងឃ្វាលគោបានប្រទះឃើញសាកសពបុរសម្នាក់មានសភាពហើម ស្អុយរលួយ នៅចំណុចខាងត្បូងស្ពានអូរក្រសារ ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទ្វាថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។
មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា សាកសពរងគ្រោះ ជាបុរសជនជាតិខ្មែរ ពាក់អាវយឺតដៃខ្លី បង្កង់ពណ៌ឈាមជ្រូកលាយខ្មៅ, ពាក់ខោលីអូ ពណ៌ជ្រូក សាកសពមិនស្គាល់អត្តសញ្ញាណ។ បន្ទាប់ពីពិនិត្យរួចរាល់ សមត្ថកិច្ចសន្និដ្ឋាន ជាបឋមថា ជនរងគ្រោះស្លាប់ ដោយសារអំពើឃាតកម្ម ព្រោះនៅលើមុខសាកសព ត្រូវជនដៃដល់ វាយខ្ទេចមុខមើលលែងស្គាល់ ហើយជនរងគ្រោះសម្លាប់រយៈពេល៣ថ្ងៃ។
បច្ចុប្បន្នមន្ដ្រីនគរបាលជំនាញ កំពុងតែធ្វើការស្រាវជ្រាវដើម្បីវែកមុខជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់ឲ្យខានតែបាន៕