រាជធានីភ្នំពេញ៖សាលាដំបូងរាជធានីភ្នំពេញបានសម្រេចថា នឹងប្រកាសសាលក្រមលើសំណុំរឿង លោក ស៊ុត ឌីណា អតីតឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ។ បន្ទាប់ពីបើកសវនាការ នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ
តុលាការបានសម្រេចចោទប្រកាន់ លោក ស៊ុត ឌីណា ចំនួន២បទល្មើស រួមមានបទកេងយកប្រយោជន៍ដោយខុសច្បាប់ តាមមាត្រា៥៩៧ និង៥៩៨ នៃក្រមព្រហ្មទណ្ឌ និងបទរំលោភអំណាច តាមមាត្រា៣៥ ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ។
គួររម្លឹកលោក ស៊ុត ឌីណា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនកាលពីថ្ងៃចន្ទ ទី០៤ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ ហើយបានរកឃើញថា លោកមានការពាក់ព័ន្ធភាពមិនប្រក្រតី ក្នុងការអនុវត្តការងារនៅប្រទេសកូរ៉េ ដោយមានលុយរហូតដល់ ៧,២លានដុល្លារអាមេរិក និងមាស៣៣៩តម្លឹង បន្ទាប់ពីកាន់តំណែងបាន៣ឆ្នាំ។
គួរបញ្ជាក់ថា កាលពីព្រឹកមិញតុលាការបានបើកសវនាការកាត់ទោសលោក ស៊ុត ឌីណា អតីតឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសកូរ៉េខាងត្បូងដែលពាក់ព័ន្ធនឹងរឿងមិនប្រក្រតីក្នុងការបំពេញការងារកន្លងមកនោះ ដែលសនាវការនេះដឹកនាំដោយលោក កោ វណ្ឌី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ៕