ដោយ៖បញ្ញា
ភ្នំពេញ៖ក្រោយពីមានការឡោមព័ទ្ធចាប់មុខសញ្ញាប្លន់យកទ្រព្យសម្បត្តិ ម្ចាស់បណ្ណាគារស៊ិនហួររបស់ជនជាតិចិន មុខប្រលានយន្តហោះ បានសម្រេច ហើយបានបាញ់សម្លាប់មនុស្សម្នាក់ និងរបួសម្នាក់តាំងពីម៉ោង១ និង៣៥នាទីរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងរយៈពេលជាច្រើនម៉ោង នៅព្រឹកថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០១៦ លោក យឹម សារ៉ាន់ អធិការនគរបាល បានដឹកនាំកម្លាំងចម្រុះ ដើម្បីចុះរុករកក្នុងដីឡូត៍នោះដែលពោរពេញសំណង់បាក់បែក។
ក្នុងបើកប្រតិបត្តិការវាយលុក ស្វែងរកក្រុមចោរប្លន់២នាក់នោះដែលលាក់ខ្លួនសមត្ថកិច្ចបានប្រើ Dron ដើម្បីហោះពីលើមើលក្នុងព្រៃដែលសង្ស័យថាក្រុមចោរលាក់ខ្លួនមុននឹងសម្រេចលុកព្រៃចូលចាប់ក្រុមចោរ។ យ៉ាងណាក៏ដោយគេមិនដឹងថា តើក្រុមចោរទាំង២នាក់នោះស្ថិតនៅក្នុងព្រៃនោះឬក៏រត់គេចបាត់យ៉ាងណានោះទេ។
គួររំលឹកថា ក្រុមចោរក្រុមចោរពីរនាក់ស្លៀកពាក់ស៊ីវិល និងពាក់ម៉ាស់មុខ បានដើរចូលទៅក្នុងផ្ទះបើកលក់សៀវភៅ ប៊ិច និងសម្ភារៈសិក្សារបស់ជនជាតិចិនឈ្មោះ លូ បាយហេង អាយុ ៥៤ឆ្នាំ។ ពេលចូលទៅក្នុងផ្ទះក្រុមចោរបានទាញទ្វារបិទព្រមទាំងបានដកកាំភ្លើងភ្ជង់ម្ចាស់ផ្ទះ និង និយាយភាសាចិនទារលុយ ព្រមទាំងទាញយកខ្សែករមួយខ្សែផងដែរ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពេលក្រុមចោរកំពុងធ្វើសកម្មភាពនោះ ភរិយារបស់ជនរងគ្រោះ ដែលនៅជាន់លើ ក៏ស្រែកជាភាសាចិនថា ចោរចូលប្លន់ ធ្វើឲ្យក្រុមចោរភ័យ ក៏បើកទ្វារផ្ទះរត់គេចខ្លួន ដោយរត់សំដៅទៅខាងរង្វង់មូលចោមចៅ។ ពេលទៅដល់រោងចក្រ PPM ក្រុមចោរបានរត់ចូលទៅក្នុងបុរី ដែលគេសាងសង់ឡើងក្នុងដីឡូតិ៍។
ភ្លាមៗនោះសន្តិសុខយាមទៅ ដេញតាមសួរនាំ ក្នុងបំណងហាមឃាត់ក្រុមចោរមិនចូលទៅក្នុងបុរីនោះ តែជនល្មើសនៅតែបន្តរត់ទៅមុខទៀត ស្រាប់តែជួបជនរងគ្រោះឈ្មោះ យ៉េន រីណុង អាយុ ២៣ឆ្នាំនៅក្នុងផ្ទះរត់ទៅអើតមើលក៏បានបាញ់មួយគ្រាប់ចំដើមទ្រូង បណ្តាលឲ្យស្លាប់ ភ្លាមនោះមានបុរសរងគ្រោះម្នាក់ទៀតឈ្មោះ យូរ សុខហេង នៅជាន់លើក៏ត្រូវជនល្មើសបាញ់មួយគ្រាប់ចំកញ្ចក់ខ្ទេតបំបែងបណ្តាលអោយរបួស ហើយជនល្មើសក៏បានរត់ចូលទៅក្នុងព្រៃបាត់ស្រមោល។
តាមការសន្និដ្ឋានក្រុមចោរប្លន់ជា អ្នកបាញ់មានអាយុប្រហែល ៣៥ឆ្នាំ កម្ពស់ប្រហែល ១.៧២ម៉ែត្រ មានមាឌស្តើង។ ជនសង្ស័យម្នាក់ទៀត អាយុប្រហែល៣៤ឆ្នាំ មានរាងស្តើងកម្ពស់ប្រហែល១.៦៨ម៉ែត្រ។ សមត្ថកិច្ចបានឲ្យដឹងថា ក្រុមចោរបានប្លន់យកលុយ ពីក្នុងបណ្ណាគាររបស់ជនជាតិចិនយកលុយ ៥០០ដុល្លារ និងខ្សែកមួយខ្សែទម្ងន់ប្រមាណ១តម្លឹង។
បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីចាប់ជនល្មើសមកផ្តោន្ទាទោសតាមផ្លូវច្បាប់៕