រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកានេះ សាលាដំបូងរាជធានីភ្នំពេញបន្តសវនាការលើសំណុំរឿងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ដែលចោទប្រកាន់សម្តេចតេជោនាយករដ្ឋមន្ត្រីថា បានទិញ Facebook Like។ សវនាការនេះដឹកនាំដោយលោក អ៊ឹម វណ្ណៈ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ និង សៀង សុខ ជាតំណាងអយ្យការ។
គួររំលឹកថា ពាក្យបណ្ដឹងព្រហ្មទណ្ឌ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ លោក សោម សឿន អាយុ៦៤ឆ្នាំ ជារដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី បានប្តឹងលោក សម រង្ស៊ី អាយុ៦៧ឆ្នាំ ប្រធានគណបក្សសង្គ្រោះជាតិ ដោយភ្ជាប់ការបង្ហោះផ្សាយព័ត៌មានលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦។ ក្នុងពាក្យបណ្ដឹងបានចាត់ទុកថា ការបង្ហោះនេះបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំជាតិ និងលោក សោម សឿន យ៉ាងធ្ងន់ធ្ងរ។ ទន្ទឹមនោះលោក សោម សឿន បានសំណូមពរឲ្យតុលាការផ្តន្ទាទោសលោក សម រង្ស៊ី ទៅតាមច្បាប់ និងទាមទារសំណងជំងឺចិត្តចំនួន២០លានរៀល៕
គួរបញ្ជាក់ថា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ នៅលើទំព័រហ្វេសប៊ុករបស់លោកសម រង្ស៊ី (Sam Rainsy) បានបង្ហោះអត្ថបទ ដែលមានខ្លឹមសារមូលបង្កាច់ខុសពីការពិត ដែលចោទប្រកាន់លោក សោម សឿន ថា បានណែនាំដល់មន្ត្រី អ្នកគាំទ្រ និងបណ្តាញ រួមទាំងមន្ត្រីរាជការស៊ីវិល ប៉ូលិសនិងទាហាន ដើម្បីបង្កើតគណនីក្លែងក្លាយ ក្នុងគោលបំណងផ្តល់ការ Like សិប្បនិម្មិតដល់ទំព័រហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយភ្ជាប់ជាមួយការអត្ថាធិប្បាយ ថា Like មួយចំនួនធំដែលបង្ហាញលើទំព័រហ្វេសប៊ុករបស់សម្តេច គឺបានមកពីការទិញ ឬជួលមនុស្សក្រីក្រដែលអត់ការងារធ្វើឲ្យបង្កើត Accounts (គណនី) Facebook ក្លែងក្លាយដើម្បីផ្ដល់ Like សិប្បនិម្មិតក្លែងបន្លំជូនសម្ដេច៕