សមត្ថកិច្ច​បន្ត​ស្វែងរក​អ្នក​កាប់​ដើម​គ្រញូង​នៅ​តំបន់​អង្គរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 November, 2016 ក+ ក-

​ខេត្តសៀមរាប​៖​តាម​ភ្នាក់ងារ​រាយការណ៍​ថា មកដល់ពេលនេះ ករណី​កាប់​ឈើ​គ្រញូង​នៅ​តំបន់​អង្គរ ត្រូវ បញ្ជូនទៅ​តុលាការ ខណៈដែល​សមត្ថកិច្ច​ក៏​កំពុង​ស្វែង​រកមុខ​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ និង​ការកាប់​ឈើ​គ្រញូង​ដ៏​មានតម្លៃ​នោះ​ផងដែរ​។​
​សូមជម្រាបថា ឈើ​គ្រញូង​មួយ​ដើម​ដែល​ត្រូវបាន​កាត់​ផ្តួល​ដោយ​អាជ្ញាធរ​អប្សរា​ត្រូវបាន​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប​ដឹក​យកទៅ​រក្សាទុក​បណ្ដោះអាសន្ន​នៅ​រដ្ឋបាល​ព្រៃឈើ​ស្រុក​បន្ទាយស្រី​ក្នុង​ឃុំ​ព្រះ​ដាក់​ទោះបី​ពលរដ្ឋ​តវ៉ា​មិន​ឲ្យ​ដឹក​ចេញ​ក៏ដោយ ។​
​អាជ្ញាធរ​អប្សរា​បាន​ឲ្យ​ដឹងថា​ដើម​គ្រញូង ១ ដើម​ដែលមាន​មុខកាត់​ជិត ៩ តឹក និង​កម្ពស់​ជិត ១០ ម៉ែត្រ​មាន​ទីតាំង​ស្ថិតក្នុង​ឧទ្យាន​ជាតិ​អង្គរ​ខាងកើត​វត្ត​ថ្មី​ដំរី​សែន​ជ័យ​ក្នុងភូមិ​នគរ​ក្រៅ ឃុំ​គោកចក ក្រុង​សៀមរាប​ត្រូវបាន​អាជ្ញាធរ​អប្សរា​កាត់​ផ្តួល​កាលពី​ថ្ងៃអាទិត្យ​ក្រោយពេល​ឈើ​ដ៏​កម្រ និង​មានតម្លៃ​បំផុត​នេះ​ត្រូវបាន​រាយការណ៍​ថា​មាន​ជនខិលខូច​លួច​អារ​បាន​មួយ​ភាគ​ក្នុង​បំណង​លួច​ដឹក​ចេញ​។​
​មន្ត្រី​អាជ្ញាធរ​អប្សរា​បាន​បញ្ជាក់ថា មូលហេតុ​ដែល​ត្រូវ​កាប់​ដើមឈើ​នេះ ព្រោះថា ទី ១ គឺ​ដើម្បី​ការពារ​កុំ​ឲ្យ​វា​ដួលរលំ​ដែល​អាចមាន​គ្រោះថ្នាក់​ដល់​អ្នកដំណើរ ឬ​អ្នក​ដែល​មក​ជ្រក​ក្រោម​ដើម​គ្រញូង​នេះ និង ទី ២ គឺ​កាប់​យកទៅ​រក្សាទុក​កុំ​ឲ្យ​ជនខិលខូច​លួច​កាប់​បន្តទៀត​ក្រោយពេល​ជនខិលខូច​ទាំងនោះ​បាន​លួច​កាប់​កាលពី​ថ្ងៃទី ៤ ខែតុលា​សល់​តែ ២ តឹក​ប៉ុណ្ណោះ ។​
​យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ​រួមទាំង​មន្ត្រី​ជំនាញ បាន​អះអាងថា ឈើ​នេះ ជនខិលខូច​បាន​អារ​អស់​ប្រមាណ​១​តឹក​ប៉ុណ្ណោះ ដូច្នេះ​អាច​រក្សាទុក​បាន ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​អប្សរា​បាន​ទៅ​កាប់រំលំ​តែម្តង ដែល​ធ្វើ​ឲ្យ​មានការ​សង្ស័យ​យ៉ាងខ្លាំង ។ ផ្តើម​ពី​នោះ​ប្រជាពលរដ្ឋ រួមទាំង​មន្ត្រី​បរិស្ថាន​បានលើកឡើង​ថា ការកាប់​ឈើ​ក្រញូង​មួយ​ដើម​នៅ​តំបន់​អង្គរ​នេះ ស្ថិតក្នុង​ភាពអាថ៌កំបាំង និង​លាក់លៀម​បំផុត ដែល​សមត្ថកិច្ច​ត្រូវតែ​វែកមុខ​ឲ្យ​ឃើញ​ជនខិលខូច បើ​ពុំ​នោះទេ ពួកគាត់​មិន​សុខចិត្ត​នោះឡើយ៕

7-wood_3