ភ្នំពេញ៖ គណបក្សសង្គមរាស្ត្ររាជា ធិបតេយ្យដែលបង្កើតឡើងដោយសម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ នឹងត្រូវព្រះអង្គដាក់សំណើទៅក្រសួងមហាផ្ទៃដើម្បីរំលាយចេញពីបញ្ជីឈ្មោះក្នុងពេលឆាប់ៗនេះ។នេះបើតាមការឲ្យដឹងពីលោក ទុំ សម្បុរ មន្ត្រីនាំពាក្យរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច។
បើទោះជាជាយ៉ាងណា គម្រោងដែលគ្រោងថានឹងរំលាយនោះ រហូតមកដល់ពេលនេះនៅមិនទាន់ជូនដំណឹងជាផ្លូវការទៅក្រសួងមហាផ្ទៃ នៅឡើយទេ។
មន្ត្រីនាំពាក្យរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច លោក ទុំ សម្បុរ បានឲ្យដឹងថា មូលហេតុដែលគ្រោងថានឹងរំលាយនេះ គឺក្នុងបំណងដើម្បីរួបរួម និងប្រមូលកម្លាំងអ្នករាជានិយមឡើងវិញ បន្ទាប់ពីបែកខ្ញែកអស់ពេលជាង ៨ឆ្នាំកន្លងទៅនេះ។
លោកម៉ៅ មុន្នីវណ្ណ តំណាងរាស្ត្រមណ្ឌលកំពង់ចាម បានឲ្យដឹងថា គណបក្សហ្វ៊ុនស៊ិនប៉ិច ធ្លាប់ធ្វើឲ្យម្ចាស់ឆ្នោតខកបំណងជាច្រើនលើកច្រើនសាណាស់មកហើយ ហេតុនេះវាពុំមែនជាជម្រើសក្នុងការពិចារណាសម្រាប់អ្នកគាំទ្រទៀតនោះទេ។
តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាអនុប្រធានគណកម្មការ សាធារណការដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាគណកម្មការទី៩ នៃរដ្ឋសភា មកពីគណបក្សសង្ក្រោះជាតិ លោក ម៉ៅ មុន្នីវណ្ណ យល់ឃើញថាការសម្រេចព្រះទ័យរបស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ថារំលាយបក្សថ្មីចោល ឬមិនរំលាយនោះ វាមិនសំខាន់ឡើយ។ លោកបន្តថា បើទោះជាព្រះអង្គសម្រេចព្រះទ័យរំលាយមែន ក៏មិនធ្វើឲ្យគណបក្សហ្វ៊ុនស៊ិនប៉ិច អាចស្រូបសំឡេងអ្នកគាំទ្របានដូចមុនរហូតដល់ភ្លូកទឹកបាក់ដីទៀតឡើយ៕