ខេត្តសៀមរាប៖ទីបំផុតមន្ត្រីជាន់ខ្ពស់ដែលមានតួនាទី និងមុខតំណែងការពារអភិរក្សព្រៃឈើរបស់អាជ្ញាធរអប្សរា២នាក់ត្រូវបានចាប់ខ្លួនក្នុងសំណុំរឿងឧក្រិដ្ឋកាប់រំលំដើមគ្រញូងដ៏ធំមហិមាមានមុខកាត់ដល់ជិតមួយម៉ែត្រ នៅក្នុងតំបន់អង្គរកាលពីល្ងាចថ្ងៃទី០៥ វិច្ឆិកា កន្លងទៅថ្មីៗ ដែលការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាព្រឹកថ្ងៃទី០៩ វិច្ឆិកា។
អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង បានមានប្រសាសន៍ថា ការចាប់ខ្លួនជនសង្ស័យទាំង២នាក់នេះ ធ្វើឡើងទៅតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការបំផ្លិចបំផ្លាញសម្បត្តិជាតិដ៏កម្រ និងមានតម្លៃ ។
ជនបានចាប់ខ្លួនម្នាក់ឈ្មោះឈរ ថាណាត អគ្គនាយករងទទួលបន្ទុកព្រៃឈើនៃអាជ្ញាធរអប្សារា និងម្នាក់ទៀតឈ្មោះចេវ ផល ប្រធានការិយាល័យគ្រប់គ្រងព្រៃឈើនៃអាជ្ញាធរអប្សារា ដើម្បីយកមកទទួលខុសត្រូវចំពោះមុខច្បាប់ ។
លោកបានបន្ថែមថា បច្ចុប្បន្នជនសង្ស័យទាំងពីរកំពុងឆ្លិចយកចម្លើយបន្ថែម ដោយមន្ត្រីរដ្ឋបាលព្រៃឈើ មុនបញ្ជូនទៅកាន់ស្ថានអយ្យការអមសាលាដំបូងខេត្ត ដើម្បីបើកការចោទប្រកាន់ទៅតាមនិតិវិធី ។ ចំណែកវត្ថុតាងឈើគ្រញូង ដែលកំពុងថែរក្សាទុកបណ្តោះអាសន្ន នៅរដ្ឋបាលព្រៃឈើ នឹងត្រូវយកទៅឆ្លាក់ជាព្រះពុទ្ធរូប សម្រាប់ទុកជាការគោរពសក្ការៈរបស់ពុទ្ធិបរិស័ទទាំងពួង៕