អនុរដ្ឋលេខាធិការ​ក្រសួង​ធម្មការ​ត្រូវបានឃាត់ខ្លួនរឿង​ចង់បាន​ងារ​ជា​ឧកញ៉ា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 November, 2016 ក+ ក-

​ខេត្តកំពត​៖​សមត្ថកិច្ច​បាន​ចាប់​វ៉ៃខ្នោះ អនុរដ្ឋលេខាធិការ​ក្រសួង​ធម្មការ​ម្នាក់ ឈ្មោះ នាក់ សំបូរ អាយុ​ជាង​៣០​ឆ្នាំ រឿង​ជំពាក់​ប្រាក់​អ្នកលក់​គ្រឿងសំណង់ រហូតដល់​ជាង​២០​ម៉ឺន​ដុល្លារ ដើម្បី​យកទៅ​កសាង​វត្ត​មួយ​នៅ​ខេត្តកំពត ដើម្បី​ចង់បាន​ងារ​ជា​ឧកញ៉ា​។​
​លោក ហែម ចាន់​ដា​រ៉ា មេបញ្ជាការ PM ខេត្ត​បាន​ឲ្យ​ដឹងថា ការចាប់ខ្លួន​ជនសង្ស័យ​រូបនេះ បាន​ធ្វើឡើង​នៅវេលា​ម៉ោងជាង​១១​ព្រឹក​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច ភូមិ​ត្រពាំង​រាំង ឃុំ​តានី ស្រុក​អង្គរជ័យ ខេត្តកំពត ដោយ​អនុវត្តតាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន ឃុំខ្លួន​ចុះ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៥ របស់លោក ហុង សុ​គុណ​វ​ឌ្ឍ​នា ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តកំពត ពីបទ «​រំលោភ​លើ​ទំនុកចិត្ត​»​។ លោក​ថា ការចាប់ខ្លួន​ជនសង្ស័យ​រូបនេះ ដោយសារតែ​គាត់ ទិញ​គ្រឿងសំណង់​របស់គេ យកទៅ​កសាង​វត្ត​រហូតដល់​ជាង​២០​ម៉ឺន​ដុល្លារ តែ​មិន​ព្រម​សង​។​
​យ៉ាងណាក៏ដោយ មន្ត្រី​ក្រសួង​ធម្មការ​ម្នាក់ បាន​ឲ្យ​ដឹងថា លោក នាក់ សំបូរ ពិត​ជាមាន​តួនាទី ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ធម្មការ ពិតប្រាកដ​មែន តែ​ទើបនឹង​ទទួលបាន​ព្រះរាជក្រឹត្យ តែងតាំង​នាពេល​ថ្មីៗ​នេះ​ទេ ។ លោក​ថា លោក នាក់ សំបូរ ពីមុន​ធ្លាប់​បួស​ជា​ព្រះសង្ឃ​នៅ​ប្រទេស​ថៃ ហើយ​ក្រោយមក​ត្រូវបានតែងតាំង​ជា​ជំនួយការ​លោក មិន ឃិន អតីតរដ្ឋមន្ត្រី​ក្រសួង​ធម្មការ តែ​ក្រោយពេល​លោក មិន ឃិន ស្លាប់ទៅ ស្រាប់តែ​ទៅ​រត់ការ បាន​រហូត​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​តែម្តង​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​គ្រប់គ្នា តែម្តង៕

fn-2016-11-10-08-28-57-0