កីឡាករ​អុំទូក​នឹងត្រូវ​រៀបចំ​កន្លែងស្នាក់នៅ​ចំនួន​៥​មណ្ឌល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 November, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​សាលា​រាជធានី​ភ្នំពេញ បាននិងកំពុង​រៀបចំ​ការ​ស្នាក់នៅ របស់​កីឡាករ​អុំទូក​ទាំង ១៧ ០០០​នាក់ ចំនួន ៥​មណ្ឌល ដើម្បី​ឲ្យ​ពួកគាត់​បាន​សម្រាក់ ក្នុងឱកាស​ដែល​នឹង​មក​ចូលរួម ការប្រណាំង​អុំទូក ទាំង​៣​ថ្ងៃ គឺ​ចាប់ពី ថ្ងៃទី​១៣-១៤-១៥ ខែវិច្ឆិកា ឆ្នាំ​២០១៦​ខាងមុខនេះ​។​
​យោងតាម​បណ្ដាញ​ទំនាក់ទំនង​សង្គម (Facebook) លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើងថា “​រដ្ឋបាល​រាជធានី​ភ្នំពេញ បាននិងកំពុង​រៀបចំ​មណ្ឌល​ស្នាក់នៅ ដូចជា ទី​១. សាង​សង់រោង​ចំនួន ១៥០​រោង​, ទី​២. សាងសង់​បង្គន់​ចំនួន ២០០​បង្គន់​, ទី​៣. សាងសង់​បន្ទប់​ងូតទឹក​រួម ចំនួន ៣៤​កន្លែង​, ទី​៤. រៀបចំ​កន្លែង​ដាំបាយ​ចំនួន ៣៦​កន្លែង និង​ទី​៥. ផ្គត់ផ្គង់​ភ្លើង​បំភ្លឺ​ផ្លូវ និង​ក្នុង​រោងស្នាក់នៅ​”​។​
​លោក​បាន​បន្តថា ជាមួយគ្នា​នោះ សាលា​រាជធានី នឹង​រៀបចំ​ផ្គត់ផ្គង់​ទឹកស្អាត ដោយ​ត​បណ្តាញ​បំពង់​រដ្ឋាករទឹក ប្រវែង ៤​គ​.​ម​, រៀបចំ​ដេប៉ូ និង​ប្រមូល​សំរាម​, សាង​សង់រោង​គណៈកម្មាកា​រ​ស្នាក់នៅ​, ស្នាក់ការ​គិលានសង្គ្រោះ​បន្ទាន់ និង​រៀបចំ​ប្រគុំ​តន្ត្រី​ចំនួន ២​កន្លែង សម្តែង​ដោយ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ជាតិ​ប្រឆាំង​ជម្ងឺអេដស៍​។​
​សូមបញ្ជាក់ថា ក្នុងឱកាស ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ទាំង​៣​ថ្ងៃ មាន​ទូកង​មកពី​រាជធានី​-​ខេត្ត ចូលរួម​ប្រកួត​មាន​ចំនួន ១៥៦​ទូក​។ ដើម្បី​បញ្ចៀស​នូវ​ការកក់ស្ទះ​ចរាចរណ៍ លោក​អភិបាល​រាជធានី ក៏បាន​ប្រកាស ហាម​មិន​ឲ្យ​រថយន្ត​ធុន​ធ្ងន់ៗ បើកបរ​ចូលក្នុង​រាជធានី​ភ្នំពេញ​នោះទេ និង​ការដ្ឋាន​សំណង់​ផ្លូវ​នានា ក៏បាន​ឲ្យ​ផ្អាក​ដំណើរការ ចំនួន ៤​ថ្ងៃ​ដែរ គឺ​ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៥ ខែវិច្ឆិកា​។​
​ដោយឡែក ចំពោះ​បញ្ហា​សន្តិសុខ​វិញ នឹង​ប្រើប្រាស់​កម្លាំង ប្រមាណ​ជាង ១​ម៉ឺន​នាក់ ដើម្បី​ការពារ​សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​នឹង​មក​ចូលរួម​កម្សាន្ត​សប្បាយ ផងដែរ​៕

29