ភ្នំពេញ៖អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលត្រូវបានអាជ្ញាធរចាប់ខ្លួន ហើយត្រូវបានដោះលែងវិញបន្ទាប់ពីមានកិច្ចព្រមពៀងនយោបាយថ្ងៃទី ២២កក្កដាឆ្នាំ ២០១៤នោះ ត្រូវបានតុលាការកំពូលកោះ ហៅទៅបំភ្លឺសាជាថ្មីលើសំណុំរឿងវត្ថុចាប់យក។ប៉ុន្តែតំណាងរាស្ត្រទាំងនោះបានអះអាងថា ទាល់តែដកអភ័យឯកសិទ្ធិជាមុនសិនទើបអាចចូលបំភ្លឺបាន។
គួរជម្រាបថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំង៩នាក់ ដែលតុលាការបានរៀបរាប់ឈ្មោះក្នុង សំណុំរឿងព្រហ្មទណ្ឌនោះមាន លោក ហូ វ៉ាន់ លោក កែវ ភីរម្យ លោក រៀល ខេមរិន្ទ លោក នុត រំដួល លោក ឡុង រី លោកស្រី មួរ សុខហួរ លោក ម៉ែន សុថាវរិន្ទ្រ លោក អឿន ណារិត និងលោក ឃិន ជំរឿន។សំណុំរឿងព្រហ្មទណ្ឌនោះគឺទាក់ទងនឹងអំពើហិង្សានៅក្បែរទីលានប្រជាធិបតេយ្យកាលពី ថ្ងៃទី ១៥កក្កដាឆ្នាំ ២០១៤ ដែលគេដឹងថានៅមិនទាន់បញ្ចប់ជាស្ថាពរនៅឡើយទេ។
អគ្គព្រះរាជអាជ្ញារងតុលាការកំពូល លោក ឈួន ចាន់ថា បានបញ្ជាក់ថា មន្ត្រីទាំងនោះជាប់ចោទពីបទដឹកនាំបាតុកម្ម ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ផ្តើមគំនិតឲ្យមានអំពើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្បែរទីលានប្រជាធិបតេយ្យខាងត្បូងរមណីដ្ឋានវត្តភ្នំកាលពីថ្ងៃទី ១៥ កក្កដា ឆ្នាំ ២០១។
យោងតាមដីកាដែលផ្ញើទៅកាន់លោក កែវ ភីរម្យ គឺបានបង្គាប់ឲ្យតំណាងរាស្ត្ររូបនេះចូលខ្លួនទៅតុលាការនៅថ្ងៃទី ១៩ មករា ដើម្បីចូលរួមសវនាការសំណុំរឿងនេះ។ ប៉ុន្តែ គេមិនដឹងថា តំណាងរាស្ត្រផ្សេងទៀតនឹងត្រូវកោះហៅទាំងអស់គ្នា ឬបែបណានោះឡើយ។ ចំណែកលោក ស្រី មួរ សុខ ហួរ បានឲ្យដឹងថា លោកស្រីមិនបានទទួលដីកាកោះពីតុលាការនៅឡើយទេ។
បើតាមលោក សំ សុគង់ មេធាវីការពារក្តីឲ្យលោក ឡុង រី លោកនុត រំដួល និងលោកម៉ែន សុថាវរិន្ទ្រ ថាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលកោះហៅ នោះ នឹងត្រូវចូលទៅឆ្លើយបំភ្លឺមុនអង្គសេចក្តីទៅលើសំណុំរឿងសុំយកវត្ថុចាប់យក ដែលរួមមានទូរស័ព្ទដៃ និង iPad ជាដើមនោះ យកមកប្រើប្រាស់វិញតែប៉ុណ្ណោះ ។
ចំណែកលោក យ៉ែម ប៉ុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិក៏បានបញ្ជាក់ថា លោក បានទទួលដំណឹងពីការកោះនេះពីតំណាងរាស្ត្រពីររូប តែអ្នកផ្សេងនៅមិនទាន់បានដឹងនៅឡើយទេ។
លោកស្រីមួរ សុខហួរ អះអាងថា គណបក្សសង្គ្រោះជាតិទាមទារឲ្យបញ្ចប់និទណ្ឌភាព ដែលលោកស្រីមើលឃើញថាមានប្រភពមកពីកង្វះខាតនៃការអនុវត្តច្បាប់។ ប៉ុន្តែ ម្តងហើយម្តងទៀត គណបក្សប្រជាជនកម្ពុជាដែលកំពុងដឹកនាំរដ្ឋាភិបាលអះអាងថា នេះជាការអនុវត្តច្បាប់ដែលមិនពាក់ព័ន្ធនឹងរឿងនយោបាយទេ។
យ៉ាងណាក៏ដោយ លោកស្រីមួរ សុខហួរ អះអាងថា ដើម្បីអនុវត្តតាមនីតិវិធីតុលាការត្រូវផ្ញើលិខិតកោះនេះទៅក្រសួងយុត្តិធម៌ រួចហើយក្រសួងយុត្តិធម៌ត្រូវបញ្ជូនទៅប្រធានរដ្ឋសភាដើម្បីពិនិត្យនិង សម្រេច។
អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិរូបនេះបញ្ជាក់ទៀតថា ប្រសិនបើមានការកោះមែន លោកស្រីនឹងមិនទៅបំភ្លឺទេដរាបណានីតិវិធីមិនត្រូវបានអនុវត្តឲ្យបាន ត្រឹមត្រូវទេនោះជាពិសេសអ្នកតំណាងរាស្ត្រមានអភ័យឯកសិទ្ធិ។ ដូច្នេះ ការចូលទៅបំភ្លឺក្នុងតុលាការបានទាល់តែតំណាងរាស្ត្ររូបនោះត្រូវបានដក អភ័យឯកសិទ្ធិជាមុន៕
តំណាង រាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ថតរូបអនុស្សាវរីយ៍ពេលធ្វើសច្ចាប្រណិធាននៅមុខប្រាសាទអង្គរវត្ត ថ្ងៃទី២២សីហា ឆ្នាំ២០១៣រូបភាពឯកសារ