រាជធានីភ្នំពេញ៖នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ម្សិលមិញនេះចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក យ៉ិន សារឿន បានចេញដីកាសម្រេចឃុំខ្លួនជនសង្ស័យ២នាក់ ដែលម្ចាស់សិប្បកម្មផលិតទឹកកក និងម្នាក់ទៀត ជាជាងតម្លើងម៉ាស៊ីន ដែលធ្វើឲ្យធ្លាយធុងហ្គាស បណ្ដាលឲ្យពលរដ្ឋ និងសមត្ថកិច្ចដែលជួយអន្ដរាគមន៍ ពុលសន្លប់រហូតដល់៧នាក់។
ក្នុងដីកាបង្គាប់ឲ្យឃុំខ្លួនបានបញ្ជាក់ថា ជនត្រូវចោទឈ្មោះ អ៊ុក ណារី ភេទស្រី ជនជាតិខ្មែរក្រោម ជាម្ចាស់សិប្បកម្មផលិតទឹកកក និងជនត្រូវចោទម្នាក់ទៀតឈ្មោះ ឃាង លាភ ភេទប្រុស ជនជាតិវៀតណាម ជាជាងតម្លើងម៉ាស៊ីនផលិតទឹកកក ដែលជនត្រូវចោទទាំង២នាក់នេះ ត្រូវបានចោទប្រកាន់ទីបទ «បង្កឲ្យមានរបួសដោយចេតនា» ប្រឈមនឹងការដាក់ពន្ធនាគារ ពី៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ៤លានរៀល។
គួរបញ្ជាក់ថា នៅថ្ងៃត្រង់ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ មានហេតុការណ៍ធ្លាយធុងហ្គាសនៃរោងចក្រផលិតទឹកកក ស្ថិតនៅមុខផ្សារ PC តាមផ្លូវ២៧១ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យបណ្តាលឲ្យជះក្លិនជាតិអាម៉ូញាក់ នាំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ជាច្រើនគ្រួសារនៅក្បែរនោះ រហូតដល់ជម្លៀសចេញសិស្សសាលាព្រមទាំងបណ្តាលឲ្យមន្ត្រីនគរបាលពន្លត់អគ្គិភ័យ៤នាក់ និងពលរដ្ឋ៣នាក់ទៀតសន្លប់ផងដែរ៕