ភ្ញៀវទេសចរ​២​នាក់​ស្លាប់ និង​២​នាក់​ផ្សេងទៀត​កំពុង​បាត់​ខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 November, 2016 ក+ ក-

​ខេត្តកំពត​៖​ករណី​ទូក​ទេសចរណ៍​ដឹក​ភ្ញៀវ​មើល​អំពិលអំពែក​តាម​មាត់សមុទ្រ គឿង​ជាមួយ​ខ្សាច់ ផ្អើល​លោត​ចូល​ទឹក ស្លាប់​ភ្ញៀវ​២​នាក់ ខណៈ​២​នាក់​ទៀត​រក​មិនទាន់​ឃើញ​។ នេះ​បើ​យោងតាម​ការបញ្ជាក់​ពី​ស្នងការ​នគរបាល​ខេត្តកំពត លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​។​
​លោក​ឧ​ត្ត​ម​សេនីយ៍ បាន​បន្តថា «​រហូត​ពេលនេះ​សព​ស្ត្រី​ម្នាក់ទៀត ជា​អ្នករស់នៅ​ភ្នំពេញ ត្រូវបាន​រកឃើញ​តែ​២​នាក់ ម្តាយកូន ជា​ប្រពន្ធ និង​កូន​របស់​នាយការិយាល័យ​សុខាភិបាល​នោះ នៅ​មិនទាន់​រកឃើញ​នៅឡើយ​ទេ តែ​សង្ស័យថា​ស្លាប់​ហើយ​»​។​
​យ៉ាងណាក៏ដោយ សម្រាប់​ម្ចាស់​ទូក​ទេសចរណ៍​មួយ​នេះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ផងដែរ ដើម្បី​ចាត់ការ​តាមច្បាប់​។​
​ស្នងការ​នគរបាល​ខេត្តកំពត លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ បានបញ្ជាក់​នៅ​ថា ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់ នៅពេល​កម្លាំង​របស់លោក បញ្ជូន​ទៅដល់​មន្ទីរពេទ្យ ដោយសារ​ធ្លាក់ចូល​ទឹក ហើយ​២​នាក់​ទៀត ដែលជា​ប្រពន្ធ និង​កូន​របស់​នាយការិយាល័យ​សុខាភិបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​បាត់​ខ្លួន​នៅឡើយ ខណៈ​ក្រុម​ភ្ញៀវ​ជាច្រើន​នាក់​ផ្សេងទៀត ត្រូវបាន​ជួយសង្គ្រោះ​ទាន់ពេល​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​បន្តថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ករណីនេះ​កើតឡើង ដោយសារតែ​ទូក​ទេសចរណ៍​មួយ​នេះ ក្រោយ​ត្រឡប់​មកពី​មើល​អំពិលអំពែក​តាម​មាត់សមុទ្រ​នោះ បាន​គឿង​ខ្សាច់ (​ក្រោយ​ទឹកនាច​) ស្រាប់តែ​បណ្តាល​ឲ្យ​ទូក​ផ្អៀង ហើយ​មាន​អ្នកខ្លះ​ធ្លាក់ចូល​ទឹក ពេលនោះ​ក៏​ម្នាក់ៗ​ឆោឡោ​យ៉ាងខ្លាំង ដោយ​គិតថា​ទូក​លិច ទើប​ម្នាក់ៗ​នាំគ្នា​លោត​ចេញពី​ទូក រហូត​មាន​ស្លាប់ និង​បាត់​ខ្លួន​តែម្តង​។​
​គួរ​បញ្ជាក់ថា នៅ​យប់​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​មួយ​បានកើត​ឡើង ស្ថិតនៅតាម​មាត់សមុទ្រ ជិត​ស្ពាន​ថ្មី ក្រុង​កំពត ខេត្តកំពត រហូត​ស្លាប់​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ និង​បាត់​ខ្លួន​២​នាក់ ក្រោយ​ទូក​ទេសចរណ៍​ដ៏​ធំ​មួយ​ផ្ទុក​មនុស្ស​ជាង​៧០​នាក់ បាន​គឿង​ជាមួយ​ខ្សាច់ ហើយ​ផ្អៀង​ធ្វើ​ឲ្យ​មានការ​ជ្រួលច្របល់​អ្នក​នៅលើ​ទូក រហូត​លោត​ចូល​ទឹកតែ​ម្តង​៕

fn-2016-11-14-23-20-03-0