ដោយ៖ប៉ែន សុផល
បាត់ដំបង៖កម្លាំងយោធារបស់ថៃនៅថ្ងៃទី១៥ ខែវិច្ឆកា ឆ្នាំ២០១៦បានចាប់បញ្ជូនពលករខ្មែរដែលលួចឆ្លងដែនខុសច្បាប់ចំនួន១៦៥នាក់មកកាន់ស្រុកកំណើតវិញកាត់តាមច្រកអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង។
លោក សៅ ប៊ុនរឹទ្ធ ប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិដូងបានអោយដឹងថា ពលករខ្មែរដែលឆ្លងដែនចូលក្នុងទឹកដីថៃទាំងអស់ខាងលើជាការលួចចូលខុសច្បាប់ក្រៅពីច្រកអន្តរជាតិក្នុងគោលបំណងទៅធ្វើការងារនៅក្នុងប្រទេសថៃ ស្របពេលដែលសមត្ថកិច្ចថៃត្រួតពិនិត្យស្វែងរកពលករធ្វើចំណាកស្រុកគ្មានច្បាប់អនុញ្ញាតទើបមានការឃាត់ខ្លួនបញ្ជូនមកស្រុកកំណើតវិញតែម្តង។
ពលករខ្មែរទាំងអស់ដែលសមត្ថកិច្ចថៃបញ្ជូនតាមច្រកទ្វារអន្តរជាតិដូងវិញនេះសរុបចំនួន១៦៥នាក់ មានស្រីចំនួន៦៥នាក់និងក្មេង១៧នាក់ភាគច្រើនរស់តាមតំបន់ព្រំដែន ក្រោយពីការបញ្ជួនដល់ទីតាំងមាត់ច្រកកម្លាំងនគរបាលអន្តោប្រវសន៍មានវិធានការណែនាំ អប់រំហើយធ្វើកិច្ចសន្យាអោយបញ្ឈប់ ហើយអោយពួកគាត់វិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ។
ប្រភពព័ត៌មានពីមជ្ឈដ្ឋានជុំវិញហេតុការណ៍ខាងលើបានរិះគន់អង្គភាពនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិដូង និងសមត្ថកិច្ចតាមច្រករបៀងតំបន់ព្រំដែនមិនបានយកចិត្តទុកដាក់រឹតបណ្តឹងការចេញចូលដោយប្រថុយប្រថានជាហេតុបង្ករការគ្រោះថ្នាក់របស់ពលករឡើយអោយតែទទួលលាភសក្ការៈមិនខ្វល់៕