រថយន្ត​ដឹកឈើ​ប្រណីត​​១​គ្រឿងត្រូវអាវុធហត្ថបង្រ្កាប​នៅក្នុង​ក្រុង​ស្ទឹងត្រែង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 November, 2016 ក+ ក-

​ខេត្តស្ទឹងត្រែង​៖​រថយន្ត​ដឹកឈើ​ប្រណីត​មួយគ្រឿង​ត្រូវបាន​បង្ក្រាប​ដោយ​កម្លាំង​អាវុធហត្ថ​ខេត្តស្ទឹងត្រែង ក្រោម​បទបញ្ជា​របស់​មេ បញ្ជាការ​អាវុធហត្ថ​ខេត្ត ដោយសារ​មាន​សេចក្តីរាយការណ៍​ថា រថយន្ត​មួយគ្រឿង​នោះបាន​លួច​ដឹកឈើ​ប្រណីត ឆ្ពោះទៅកាន់​ទីផ្សារ​គោលដៅ នៅវេលា​ម៉ោង​៧ និង​២០​នាទី​យប់ ក្នុង​ថ្ងៃទី​១៤​វិ​ច្ឆិ នៅលើ​ផ្លូវជាតិ​លេខ​៧A​ត្រង់ចំណុច​ប្រសព្វ និង​ផ្លូវជាតិ​លេខ​៩​ថ្មី ស្ថិតក្នុង​ភូមិ​រាជា​នុ​កូ​ល សង្កាត់​/​ក្រុង​ស្ទឹងត្រែង ។​
​ ​ក្រោយ​ការបង្ក្រាប​បាន​រថយន្ត​ដឹកឈើ​ប្រណិត​មួយគ្រឿង​នោះ​រួចមក សមត្ថកិច្ច​អាវុធហត្ថ​បាន​យកទៅ​កាន់​ទីបញ្ជាការដ្ឋាន​អាវុធ ហត្ថ​ខេត្ត​ទាំងយប់​ផងដែរ​រួមទាំង​អ្នកបើកបរ ។ ឯ​នៅ​ព្រឹក​ថ្ងៃទី​១៥​នេះ​ទើប​កម្លាំង​អាវុធហត្ថ​ធ្វើការ​ប្រគល់​រថយន្ត​ដឹក​បទល្មើស​និង​ឈើប្រណិត​រួម​និង​អ្នកបើកបរ​ជូនទៅ​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត ។​
​ ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ជំនាញ​បាន​ឲ្យ​ដឹងថា រថយន្ត​ដែល​ដឹកឈើ​ប្រណិត​ត្រូវបាន​បង្ក្រាប​នេះ​ជា​ប្រភេទ​រថយន្ត​សាំ​យ៉ុង​ពណ៌​សំបក ឪឡឹក ពាក់​ស្លាក​លេខ​ភ្នំពេញ​2W.0847 ហើយ​អ្នកបើកបរ​មានឈ្មោះ​ហួ ជៀប អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​តា​ថឹ​ង ឃុំ​បុស​លាវ ស្រុក ចិត្រ​បុរី ខេត្តក្រចេះ ។ រីឯ​ឈើប្រណិត​ដែល​ផ្ទុក​ក្នុង​រថយន្ត​ខាងលើ​នោះ​ជា​ប្រភេទ​ឈើ​ធ្នង់​មាន​ចំនួន​៥៣​ដុំ ។​
​ ​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា រថយន្ត​ដឹកឈើ​មួយគ្រឿង​នេះ​ចេញពី​ក្នុង​ក្រុង​ស្ទឹងត្រែង​ឆ្ពោះទៅកាន់​ប្រទេស​វៀតណាម រី ឯ​ម្ចាស់​ឈើ​ត្រូវបាន​គេ​ស្គាល់​ថា​ឈ្មោះ​វ៉េ​ត ហើយ​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀតថា​រថយន្ត​ដឹកឈើ​ខាងលើនេះ បំរុង​លោតឆ័ត្រ​តែ​ដោយមាន​សេចក្តីរាយការណ៍​ទៅដល់​សមត្ថកិច្ច ទើបត្រូវ​អាវុធហត្ថ​បង្ក្រាបបាន​តែម្តង ។​
​ ​បច្ចុប្បន្ន រថយន្ត​ដឹកឈើ​និង​វត្ថុតាង​ឈើប្រណិត​រួមទាំង​អ្នកបើកបរ​និង​ជា​ម្ចាស់​រថយន្ត​ត្រូវបាន​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​កំពុង​កសាង​សំណុំរឿង​ត្រៀម​និង​បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​៕

20161115_091411 20161115_092110 20161115_092333 20161115_100045
​ ​