ខេត្តកំពង់ធំ៖សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួនឈ្មោះ ស្រី ឃីម ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរជាគ្រូបង្រៀននៅវិទ្យាល័យ ហ៊ុន សែន បល្ល័ង្ក រស់នៅភូមិពោធិ៍បាក់.ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ចំណែកក្មេងស្រីរងគ្រោះទើបតែមានអាយុ១២ឆ្នាំ ជាសិស្សថ្នាក់ទី៣។
សមត្ថកិច្ចបញ្ជាក់ថា ការចាប់ខ្លួនជនសង្ស័យរូបនេះធ្វើឡើងកាលពីវេលាម៉ោង៧ និង២០នាទីយប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ បន្ទាប់ពីមានពាក្យបណ្ដឹងពីម្តាយរបស់សិស្សស្រីថ្នាក់ទី៣ម្នាក់ចោទប្រកាន់ថា បានរំលោភកូនស្រីរបស់គាត់រហូតដល់ទៅ៤ដង។ សមត្ថកិច្ចឲ្យដឹងទៀតថា ក្រោយពីទទួលពាក្យបណ្ដឹងពីម្តាយក្មេងស្រីរងគ្រោះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបានយកមកធ្វើការសាកសួរ ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាគ្រូបង្រៀនឈ្មោះ ស្រី ឃីម បានសារភាពថា ខ្លួនពិតជាបានរំលោភក្មេងស្រីរងគ្រោះបានសម្រេច៤ដងដូចការចោទប្រកាន់មែន
ដោយឡែកបើតាមប្រភពពីម្តាយក្មេងស្រីរងគ្រោះបានរៀបរាប់នៅក្នុងពាក្យបណ្ដឹងថា កាលពីថ្ងៃទី៧, ៨, ៩ និងថ្ងៃចុងក្រោយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ជនសង្ស័យជាគ្រូបង្រៀនរូបនេះបានចាប់រំលោភកូនស្រីរបស់គាត់ដែលទើបតែមានអាយុ១២ឆ្នាំបានសម្រេចជាបន្តបន្ទាប់រហូតដល់ទៅ៤ដងនៅផ្ទះរបស់ជនសង្ស័យ ។ បន្ទាប់ពីគាត់ដឹងការពិត គាត់ជាម្តាយក៏ទៅដាក់ពាក្យបណ្ដឹងដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងចាប់ខ្លួនជនសង្ស័យយកទៅកាត់ទោសតាមច្បាប់៕