ផ្តន្ទាទោស​លោកស្រី​ឧកញ៉ា សៀង ចាន់​ហេង ដាក់ពន្ធនាគារ​១​ឆ្នាំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 November, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ម្សិលមិញ បានប្រកាស​សាលក្រម​ផ្តន្ទាទោស​លោកស្រី​ឧកញ៉ា សៀង ចាន់​ហេង នាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍ​អភិវឌ្ឍន៍ ដាក់ពន្ធនាគារ​រយៈពេល​១​ឆ្នាំ និង​ពិន័យ​៣​លាន​រៀល ព្រមទាំង​សង​សំណង​ជំងឺ​ចិត្ត​ដល់​ដើមបណ្ដឹង​ចំនួន​៤០០​លាន​រៀល ពាក់ព័ន្ធ​ការ​ក្លែងបន្លំ​ឯកសារ​ផ្ទេរសិទ្ធិ ដើម្បី​ស៊ីដាច់​ដី​ក្រុមហ៊ុន​វិនិយោគ​ចិន​ចំនួន​១៤៦​ហិកតា នៅ​ភូមិ​ទឹកល្អក់ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។​
​យោងតាម​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្តន្ទាទោស​ឈ្មោះ សៀង ចាន់​ហេង អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ក្រោម​ការចោទប្រកាន់​ពីបទ​ក្លែងបន្លំ​ឯកសារ និង​ប្រើប្រាស់​ឯកសារ​ក្លែង ។​
​សូមជម្រាបថា កាលពី​អំឡុង​ឆ្នាំ​១៩៩៥ លោកស្រី លឹម ឃី និង​មនុស្ស​៩​នាក់​ផ្សេងទៀត បាន​ចូល​ហ៊ុន​គ្នា​ទិញ​ដី​ទំហំ​១៤៦​ហិកតា មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ទឹកល្អក់ ឃុំ​ទឹក​ហួត ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។ លុះដល់​ឆ្នាំ​២០១៣ លោកស្រី លឹម ឃី បាន​ទៅ​មើល​ដី​ទើប​ដឹងថា ដី​នេះ​ត្រូវបាន​ក្រុមគ្រួសារ​លោកស្រី​ឧកញ៉ា សៀង ចាន់​ហេង លក់​ទៅ​ឲ្យ​ឈ្មោះ គង់ សែន និង ប្រពន្ធ​ឈ្មោះ នី គឹម​អ៊ា​ន់​។ ផ្តើមចេញពី​បញ្ហា​ទាំងនេះហើយ ទើប​លោកស្រី លឹម ឃី ដាក់ពាក្យ​បណ្ដឹង​ប្តឹង​លោកស្រី ឧកញ៉ា សៀង ចាន់​ហេង តែម្ដង​៕

hqdefault1