រាជធានីភ្នំពេញ៖មន្ត្រីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានអះអាងថា លោក កឹម សុខា ប្រធានស្តីទីបក្សប្រឆាំង នឹងចូលរួមប្រជុំសភាពេញអង្គនាពេលខាងមុខ ខណៈដែលមន្ត្រីគណៈកម្មាធិការអចិន្ត្រៃយ៍សភាមកពីបក្សក៏នឹងចូលរួមប្រជុំ នៅថ្ងៃទី១៨ ខែវិច្ឆិកានេះ ដើម្បីពិនិត្យពិភាក្សា ស្តីពីការគ្រប់គ្រងថវិកា ឆ្នាំ២០១៧ និងការទូទាត់ថវិការដ្ឋឆ្នាំ២០១៥ ខណៈដែលកិច្ចប្រជុំនេះ ដឹកនាំដោយសម្តេចហេងសំរិន។
សូមជម្រាបថា កិច្ចប្រជុំស្អែកនេះ ក៏ពិភាក្សាអំពីច្បាប់ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងប៉ារីស ស្តីពីការប្រែប្រួលធាតុអាកាស ដើម្បីសម្រេចដាក់ចូល ក្នុងរបៀបវារៈ ប្រជុំសភាពេញអង្គ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២២វិច្ឆិកា។
ប្រសិនបើលោក កឹម សុខា នឹងចូលរួមប្រជុំសភាពេញអង្គនាថ្ងៃទី២២ ខែវិច្ឆិកានេះ ប្រាកដមែន គេអាចនិយាយថា ជាសញ្ញាបង្ហាញនូវពន្លឺនៃការតភ្ជាប់កិច្ចពិភាក្សាឡើងវិញ រវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង ដែលបានកាត់ផ្តាច់ច្រើនខែមកនោះ៕