រាជធានីភ្នំពេញ៖ជនសង្ស័យប្រដាប់អាវុធ៦នាក់ធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូម៉ាក Zoomer-X ពីនិស្សិតបញ្ញាសាស្ត្រម្នាក់ទៅបាត់នៅ ខណៈជិះម៉ូតូចេញពីធ្វើធ្មេញ ដែលករណីនេះកើតឡើងកាលពីវេលាម៉ោង៧ និង១៥នាទីយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចក្បែររបងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល តាមបណ្ដោយផ្លូវលេខ១៨៣ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
ជនរងគ្រោះមានឈ្មោះ ទ្រីវ ជុងគាត ភេទប្រុស អាយុ២៤ឆ្នាំ ជានិស្សិតបញ្ញាសាស្ត្រ ស្នាក់នៅផ្ទះលេខ៤៥ ផ្លូវលេខ១០៧ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជិះម៉ូតូម៉ាក Zoomer-X ពណ៌ប្រផេះបិទស្កុតខៀវ ពាក់ស្លាកលេខ កណ្តាល 1S-8668 ។
ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុខ្លួនបានចេញមកពីធ្វើធ្មេញនៅជិតសាកលវិទ្យល័យមេគង្គនៅតាមបណ្តោយផ្លូវលេខ២០០២ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ គោលបំណងទៅហូបអាហារនៅម្តុំក្រោយវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ។ លុះជិះម៉ូតូមកដល់ចំណុចផ្លូវលេខ២៧១កែងផ្លូវលេខ១៨៣ ស្រាប់តែលេចមុខជនសង្ស័យប្រដាប់អាវុធ១ក្រុមមានគ្នា៦នាក់ ជិះម៉ូតូ៣គ្រឿង ១គ្រឿងម៉ាក PCX ពណ៌ស មិនចាំស្លាកលេខ ១គ្រឿងម៉ាកស៊ុយស៊ីគីនិក និង១គ្រឿងទៀតមិនចាំម៉ាក ជិះមកជិតហើយកៀរម៉ូតូជនរងគ្រោះឲ្យចូលកៀនរួចដកកាំភ្លើងខ្លីភ្ជង់គំរាមប្លន់យកម៉ូតូទៅបាត់ ប៉ុន្តែសំណាង់ល្អហើយដែលក្រុមចោរទាំងនោះមិនបានបាញ់ កុំអីមិនដឹងជាយ៉ាងណាទេ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទំនប់ទឹកដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវតាមចាប់ក្រុមជនសង្ស័យប្រដាប់អាវុធដែលថ្លើមធំហ៊ានចេញធ្វើសកម្មភាពទាំងក្បាលព្រលប់យកមកផ្តន្ទាទោសតាមច្បាប់៕