ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២២០១៦នេះ កម្លាំងសមត្ថកិច្ចចម្រុះ រួមមាន កងរាជអាវុធហត្ថ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ បាននាំខ្លួនជនសង្ស័យជាឃាតក ដែលសម្លាប់ស្ដ្រីបុគ្គលិក «ក្លឹប55» ទៅធ្វើតំរាប់តាមពេលធ្វើសកម្មភាពសម្លាប់ នៅកន្លែងកើតហេតុ ក្នុងបុរីប៉េងហួត ភូមិទំបន់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សូមបញ្ជាក់ថា សមត្ថកិច្ចបានស្រាវជ្រាវឈានដល់ការចាប់ខ្លួនឃាតក ដែលសម្លាប់ស្ត្រីវ័យក្មេងជាបុគ្គលិកក្លឹប៥៥ យកសពទម្លាក់ចោលក្នុងគំនរសំរាម និងបានលាតត្រដាងអាថ៌កំបាំងដែលឃាតកហ៊ានសម្លាប់នារីរងគ្រោះ។
ពាក់ព័ន្ធករណីឃាតកម្មនេះ អាវុធហត្ថរាជធានីភ្នំពេញបានរៀបរាប់នូវដំណើរដើមទងយ៉ាងដូច្នេះថា៖ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ មានករណីប្រជាពលរដ្ឋប្រទះឃើញសពនារីម្នាក់ ត្រូវបានគេសម្លាប់យកទៅផ្លុងចោលក្នុងគំនរសំរាម តាមបណ្ដោយផ្លូវ១០០៣ ស្ថិតនៅភូមិទំនប់សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បន្ទាប់ពីទទួលបានព័ត៌មានអាវុធហត្ថខណ្ឌសែនសុខ និងកម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវស្គាល់ អត្តសញ្ញាណជនរងគ្រោះ ឈ្មោះ កែវ កញ្ញា ភេទស្រី អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកក្លិប៥៥ ស្នាក់នៅភូមិតានូ សង្កាត់ចាក់អង្រែរក្រោម ខណ្ឌមានជយ័។
បន្ទាប់មកអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវតាមដានជាបន្តបន្ទាប់ពីកន្លែងមួយទៅកន្លែងមួយ រហូតដល់ស្រុកកោះធំខេត្តកណ្តាល ទើបចាប់ឃាតកបាន ដោយមានការសហការជាមួយ កម្លាំងអាវុធហត្ថខេត្តកណ្តាល។
តាមចម្លើយសារភាពរបស់ឃាតក ឈ្មោះ យ៉េន សុបញ្ញា អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដបានឲ្យដឹងថា ខ្លួននិងនារីរងគ្រោះជាអ្នកស្គាល់គ្នាយូរហើយ នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ឃាតកបានខ្ចីសោរផ្ទះមិត្តភក្តិម្នាក់ដែលចាំផ្ទះឲ្យបងប្អូនក្នុងបូរីប៉េងហួត ស្ថិតនៅផ្លូវឧកញ៉ាម៉ុងឬទ្ធី ដោយប្រាប់ថានាំស្រីមកដេក។ បន្ទាប់មកឃាតកបានតេរកជនរងគ្រោះ ឲ្យរកលុយលោះទូរស័ព្ទ អាយហ្វូនខ្លួនយកទៅប្រើ ដោយខ្លួនបានដាក់បញ្ចាំ៣០ដុល្លារ តែមិនមានលុយលោះយកវិញ។
ឃាតកបានឆ្លើយសារភាពទៀតថា នៅវេលាម៉ោងប្រហែល៤៖០០នាទីល្ងាច ជនរងគ្រោះចេញពីកន្លែងធ្វើការ ក៏បានទៅជួបឃាតកនៅម្តុំផ្សារឃ្លាំងរំសេវ ហើយឃាតកបានប្រាប់ថា អ្នកទទួលបញ្ចាំឲ្យទៅយកទូរស័ព្ទនៅផ្ទះឯបុរីប៉េងហួត ផ្លូវឧកញ៉ាម៉ុងឬទ្ធី ជនរងគ្រោះក៏បានជូនឃាតកទៅទីនោះ ពេលទៅដល់ពួកគេបានចូលក្នុងផ្ទះ ហើយឃាតកក៏បានយកខ្សែរភ្លើងរឹតករជនរងគ្រោះសម្លាប់ និងយកខ្សែពួរចងដៃចងជើងបត់ទៅក្រោយ រួចយកភួយមករុំ និងចងខ្សែរពីក្រៅមួយជាន់ទៀត បន្ទាប់មកច្រកចូលក្នុងថង់ធំ រួចលើដាក់លើតួម៉ូតូខាងមុខរបស់ជនរងគ្រោះ ដឹកយកទៅទម្លាក់ចោលនៅគំនរសំរាមក្នុងភូមិសាស្ត្រខាងលើម៉ោងប្រហែលជិត៦៖០០នាទីល្ងាច បន្ទាប់មកយកម៉ូតូជនរងគ្រោះទៅបញ្ចាំ ដើរលេងជក់ថ្នាំជាមួយមិត្តភក្តិពេញមួយយប់មួយថ្ងៃ ទើបទៅសម្រាកនៅផ្ទះជីដូនឋិតនៅផ្លូវវេងស្រេងមួយយប់ លុះព្រឹកឡើងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ឃាតកនៅមិនសុខ ខ្លាចសមត្ថកិច្ចចាប់បានក៏គេចខ្លួនទៅផ្ទះជីដូនខាងឳពុកចុងម្នាក់ទៀត នៅស្រុកកោះធំ ខេត្តកណ្តាល តែត្រូវអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវតាមទៅចាប់បាននៅទីនោះតែម្តង។
អាវុធហត្ថរាជធានីភ្នំពេញបានបញ្ជាក់ទៀតថា ឃាតកបានឆ្លើយដោយក្លាហានបន្ថែមថា ដោយសារកន្លងមកខ្លួនជំពាក់លុយគេ២០០ដុល្លារផង និងដោយសារប្រើប្រាស់គ្រឿងញៀនជាប់ជាប្រចាំផង ទើបធ្វើឲ្យខ្លួនគិតអីមិនចេញ ក៏ដាច់ចិត្តសម្លាប់ជនរងគ្រោះដើម្បីប្លន់យកទ្រព្យសម្បត្តិយ៉ាងដូច្នេះតែម្តងទៅ៕