រាជធានីភ្នំពេញ៖លោក សម រង្ស៊ី បានបង្ហាញបំណងចង់វិលចូលស្រុកវិញ ដើម្បីគោរពសពម្តាយក្មេកជាលើកចុងក្រោយ ក្នុងពេលដែលលោកជាប់បណ្តឹងជាច្រើនរួមទាំងសាលក្រមផ្តន្ទាទោសផងដែរ ។
លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង ថ្លែងថា បន្ទាប់ពីម្តាយក្មេកទទួលមរណភាព លោក សម រង្ស៊ី មានបំណងមកកាន់ប្រទេសកម្ពុជាវិញ ដើម្បីគោរពសពម្តាយក្មេកជាលើកចុងក្រោយ ។ ប៉ុន្តែមិនដឹងថា តើរដ្ឋអំណាចកម្ពុជា អាចនឹងបើកច្រកឲ្យលោកចូលស្រុក ដើម្បីគោរពសពម្តាយក្មេករបស់លោក ឬយ៉ាងណានោះទេ។
សូមជម្រាបថា ឧបាសិកា ញឹក ជូឡុង -មាសកេត សមភ័ក្រ ជាម្តាយក្មេកឯកឧត្តម សម រង្ស៊ី បានទទួលរមណភាព កាលពីថ្ងៃទី ២៤ វិច្ឆិកា ម្សិលមិញ ។ សម្តេច ហ៊ុន សែន ភ្លាមៗ បានផ្ញើសាររំលែកទុក្ខ លោកជំទាវ ជូឡុង សូមូរ៉ា ប្រពន្ធរបស់លោក សម រង្ស៊ី ។ ក្នុងលិខិតនោះ សម្តេចបញ្ជាក់ថា ការផ្ញើសាររំលែកទុក្ខនេះ ក្នុងនាមជាខ្មែរដូចគ្នា។ ប៉ុន្តែក្នុងលិខិតមិនបានរំលេចឈ្មោះលោក សម រង្ស៊ី ទេ។
យ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃ ទី ២៥ វិច្ឆិកា នេះ លោក ហ៊ុន ម៉ានី កូនប្រុសទី២របស់សម្តេចក៏បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ័សពម្តាយក្មេកលោក សម រង្ស៊ី ផងដែរ ។ ក្នុងឱកាសនោះ លោក កឹម សុខា ប្រធានស្តីទីបក្សប្រឆាំង និងមន្ត្រីជាន់ខ្ពស់បក្សនេះ ក៏បានចេញមកស្វាគមន៍លោក ហ៊ុន ម៉ានី យ៉ាងកក់ក្តៅផងដែរ។
ទាក់ទិនលោក សម រង្ស៊ី នេះ អ្នកនាំពាក្យគណបក្សប្រជាពលរដ្ឋកម្ពុជា សុខ ឥសាន្ត បានអះអាងថា តាមផ្លូវច្បាប់បើលោក សម រង្ស៊ី មកមានតែមកដើរចូលគុកតែម្តងបានត្រូវ ព្រោះអ្នកទោសគ្មានសិទ្ធិធ្វើអ្វីលើសពីនេះទេ៕