ខេត្តស្វាយរៀង៖យុវជន២នាក់បានរងរបួសធ្ងន់ក្នុងនោះមានម្នាក់ធ្លាយពោះដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ គ្រាដែលជិះម៉ូតូលឿនពេកគេចរ៉ឺម៉កដឹកស្រូវដែលបត់ស្តាំ ហើយបណ្តាលឲ្យដួលអូសជាង១០ម៉ែត្រ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥ជាងល្ងាចថ្ងៃទី២៧ខែវិច្ឆិកា ឆ្នាំ២០១៦នៅលើផ្លូវជាតិលេខ១ស្ថិតក្នុងភូមិ/ឃុំរមាំថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។
បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញយុវជន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1H 0463 បើកបរពីលិចទៅកើតលុះមកដល់ចំណុងខ្លោងទ្វារវត្ត ឡ វ៉ាក់នឹងរ៉ឺម៉កម៉ូតូដឹកស្រូវដែលធ្វើដំណើរស្របទិសគ្នា ហើយរ៉ឺម៉កម៉ូតូបទស្តាំចូលតាមខ្លោងទ្វារវត្តធ្វើឲ្យយុវជនរងគ្រោះទាំង២នាក់ដួលអូសជាង១០ម៉ែត្រមកខាងជើងផ្លូវបណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់តែម្តង។ ក្នុងនោះម្នាក់រងរបួសធ្លាយពោះផងដែរ។
ប្រភពខាងលើបានបន្តទៀតថា ក្រោយពីមានគ្រោះចរាចរណ៍ហើយនោះគឺរ៉ឺម៉កម៉ូតូមិនបានឈប់នោះទេដោយគ្មានប៉ះពាល់គ្នា។ ហើយយុវជនរងគ្រោះទាំង២នាក់នោះក៏ពុំស្គាល់អត្តសញ្ញាណនោះដែរត្រូវបានប្រជាពលរដ្ឋហៅរថយន្តសង្គ្រោះមកដឹកយកទៅមន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះ។ ជាមួយគ្នានេះជនរងគ្រោះបានទូរស័ព្ទទៅក្រុមគ្រួសារឲ្យមកទទួលយកម៉ូតូដែលផ្ញើនៅផ្ទះប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុនោះត្រឡប់ទៅផ្ទះវិញ៕
ជិះម៉ូតូលឿនគេចពីរ៉ឺម៉កដឹកស្រូវដួលអូសជាង១០ម៉ែត្ររបួសធ្ងន់២នាក់