រាជធានីភ្នំពេញ៖បុរសម្នាក់លួចមានប្រពន្ធចុងហើយបានចុះចោលប្រពន្ធជាង៣ឆ្នាំ បែរជាចង់វិលត្រឡប់មកសុំរួមរស់ជាមួប្រពន្ធកូនវិញ តែប្រពន្ធមិនព្រមបង្កជាហិង្សា កាប់ចាក់គ្នារងរបួសធ្ងន់ទាំងសងខាង។ ករណីនេះកើតឡើងនៅវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតតាមបណ្តោយផ្លូវលំ ផ្ទះជួលក្នុងក្រុមទី១ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះជាប្រពន្ធមានឈ្មោះ សុទ្ធ ចាន់ថន ភេទស្រីអាយុ៣៦ឆ្នាំ មុខរបរលក់អីវ៉ាន់ចាប់ហួយ ស្នាក់នៅផ្ទះ កើតហេតុខាងលើ ចំណែកជនបង្កជាប្តីឈ្មោះ ផៃ ចំរើន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាងឈើធ្វើការនៅប្រទេសថៃ។
ប្រភពដដែលបន្តថា ២នាក់ប្តីប្រពន្ធខាងលើនេះមានកូន២នាក់ និងបានលែងលះគ្នាជាង៣ឆ្នាំហើយ ដោយសារតែខាងប្តីលួចទៅមានប្រពន្ធចុងមួយទៀត។ មុនពេលកើតហេតុម៉ោងប្រហែល៩យប់ ជនបង្កជាប្តីបានមកផ្ទះកើតហេតុ ហើយសុំត្រូវជាមួយប្រពន្ធវិញ ដោយសន្យាថា នឹងកែខ្លួនលែងដើរលេង មានស្រីញីទៀតហើយ តែខាងប្រពន្ធមិនព្រម។ ខាងប្តីក៏បានសុំកូនពៅមួយ យកទៅចិញ្ចឹម ខាងប្រពន្ធនៅតែមិនព្រមឲ្យ ធ្វើឲ្យប្តីខឹង និងបានគំរាមសំលាប់ចោលទាំងអស់។
ប្រភពបញ្ជាក់ថា ពេលនិយាយចប់ជនបង្កបានយកកាំបិតមកចាក់ប្រពន្ធរងរបួសធ្ងន់។ ពេលដែលអ្នកជិតខាងឮសូរសំឡេងកូនក្មេងយំ ក៏បាននាំគា្នសំរុកចូលក្នុងផ្ទះ ដើម្បីយកស្ត្រីជាប្រពន្ធរងរបួសទៅពេទ្យ ចំណែកជនបង្កបានរត់ឡើងទៅលើឡៅតឿ ចង.កសំលាប់ខ្លួនតែមិនស្លាប់ ហើយបានវាយបែកកញ្ចក់ទ្វារបង្អួច ព្រមទាំងយកអំបែងដែលបែកនោះ មកចាក់ពោះខ្លួនឯងធ្លាយពោះវៀនមកក្រៅ និងបានគប់អំបែងកញ្ចក់ មកក្រោមសំដៅអ្នកជិតខាង ដែលឈរមើលនៅក្បែរនោះ។
ក្រោយពេលកើតហេតុ សម្ថកិច្ចមូលដ្ឋានបានចុះ មកដល់ធ្វើការឃាត់ខ្លួនជនបង្ក តែដោយសារជនបង្កបួសធ្ងន់ សមត្ថកិច្ចក៏បានទាក់ទងរថយន្តសង្គ្រោះ ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ៕