ប្រទះឃើញសពម្នាក់ឆេះស្លាប់ក្នុងពំនូកចំបើងសង្ស័យករណីឃាតកម្ម
ដោយ៖ប៉ែន សុផល
បាត់ដំបង៖សាកសពម្នាក់ត្រូវបានប្រទះឃើញឆេះស្លាប់ក្នុងពំនូកចំបើងកាលពីវេលាម៉ោងប្រហែល២០ និង២០នាទីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦នៅចំណុចក្បែររោងចំការមួយកន្លែង ស្ថិតក្នុងភូមិ ភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
លោក សុង សុភ័ក្ត្រ អធិការស្រុកភ្នំព្រឹកបានប្រាប់នាព្រឹកនេះថា ជាជំហានដំបូងសពជនរងគ្រោះត្រូវបានជនសង្ស័យមិនស្គាល់អត្តសញ្ញាណប្រហែលពីពីរទៅបីនាក់បានធ្វើសកម្មភាពវ៉ៃនិងចាក់បណ្តាលអោយជនរងគ្រោះស្លាប់រួចអូសជនរងគ្រោះយកទៅដុតក្នុងពំនូកចំបើង ដើម្បីបំបាត់ភស្តុតាង។ លោកបន្តថា រហូតដល់ពេលនេះទាំងជនរងគ្រោះនិងជនបង្ករខាងលើនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេខាងសមត្ថកិច្ចកំពុងដុតដៃដុតជើងធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញានៅឡើយ៕