វាយខ្នោះ​កូន​រមិលគុណ​គំរាម​បាញ់សម្លាប់​ម្តាយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 November, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​បុរស​ជាជាង​ជួសជុល​ទូរស័ព្ទ​ម្នាក់​ត្រូវបាន​កម្លាំង​ផ្នែក​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទឹកល្អក់​ទី​២​ចាប់វាយ​ខ្នោះ​ក្រោយ​ប្រើ​កាំភ្លើងខ្លី​មួយ​ដើម គំរាម​រក​បាញ់សម្លាប់​ម្តាយ​ខ្លួនឯង និង​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​៩ និង​១៥​នាទី​យប់​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខផ្ទះ លេខ​១៦១ ផ្លូវ​លេខ​១៥៦z ក្រុមទី​៥ ភូមិ​២ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក​។​
​មន្ត្រីនគរបាល​ព្រហ្មទណ្ឌ ខណ្ឌទួលគោក បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ហ៊ី បូរ៉ា ហៅ រ៉ា អាយុ​២៩​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ទូរស័ព្ទ ស្នាក់​នៅផ្ទះ​លេខ​១៦១ ផ្លូវ​លេខ​១៥៦z ក្រុមទី​៥ ភូមិ​២ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក​។ នគរបាល​បញ្ជាក់ថា ក្រោយ​ចាប់ខ្លួន​កម្លាំង​នគរបាល បាន​ដកហូត​អាវុធខ្លី​១​ដើម លេខ 20990505 ផលិត​នៅ​ប្រទេស​ចិន បង់​ចំនួន​១ គ្រាប់​៤​គ្រាប់ ទូរស័ព្ទដៃ លិខិតឆ្លងដែន​ខ្មែរ​១​ច្បាប់ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​៣​សន្លឹក ប័ណ្ណ​សំគាល់​យានយន្ត​២​សន្លឹក និង​កាបូបស្ពាយ​ពណ៌​បៃតងខ្ចី​១​។​
​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ ម៉ោង​ប្រហែល​១៦ និង​៤០​នាទី​ជនសង្ស័យ​បាន​យក​អាវុធខ្លី ទៅ​អុកឡុក​វាយបំផ្លាញ ទ្រព្យសម្បត្តិ​ក្នុងផ្ទះ និង​គំរាម​បាញ់​ម្តាយ ហើយ​យកលុយ​រួច​ចេញទៅ​បាត់​។​
​ក្រោយ​កើតហេតុ​ម្តាយ​បានមក​រាយការណ៍ ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ លុះដល់​ម៉ោង​៩ និង​១៥​នាទី ជនសង្ស័យ​បានមក​ម្តង​ទៀង កម្លាំង​នគរបាល​ក៏​ធ្វើការ​ឃាត់ខ្លួន និង​ដកហូត​អាវុធខ្លី​បាន​១​ដើម​ជាក់ស្តែង នាំយកមក​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមច្បាប់​៕

fn-2016-11-29-07-22-18-2fn-2016-11-29-07-22-18-0