រាជធានីភ្នំពេញ៖កាលពីល្ងាចម្សិលមិញសាលាឧទ្ធរណ៍បានសម្រេចតម្កល់សេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ សម្រេចទុកជាបានការដដែល ក្រោយការសួរដេញដោលជាអសាធារណៈ របស់សាលាឧទ្ធរណ៍ លើបណ្តឹងជំទាស់ពន្យារពេលឃុំខ្លួនបណ្តោះអាសន្ន មន្ត្រីអាដហុក៤រូប និងមន្ត្រីគ.ជ.បមួយរូប រួចមក។
ការប្រកាសបែបនេះបានធ្វើឡើងក្រោយពីសភាស៊ើបសួរសាលាឧទ្ធរណ៍ នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកានេះ បន្ទាប់ពីបានបើកសវនាការសំណុំរឿង មន្ត្រីអាដហុក៤រូប និងអគ្គលេខាធិការរង គ.ជ.ប មួយរូប ជុំវិញក្រុមជនត្រូវចោទប្តឹងជំទាស់ នឹងការសម្រេចរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដែលសម្រេចពន្យារពេលនៃការឃុំខ្លួនបណ្ដោះអាសន្ន ។
មន្ត្រីអាដហុក៤រូបនិងមន្ត្រី គ.ជ.ប ជាប់ចោទពីបទសូកប៉ាន់សាក្សី និងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ដល់អ្នកនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដើម្បីកុំឲ្យអ្នកនាងនិយាយការពិតប្រាប់សមត្ថកិច្ចចំពោះរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា ។
លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក លោក យី សុខសាន្ត អនុប្រធានសមាគមអាដហុក លោក ណៃ រ៉ង់ដា អនុប្រធានសមាគមអាដហុក និង លោកស្រី លឹម មុន្នី មន្ត្រី ជាន់ខ្ពស់សមាគមអាដហុក ត្រូវបានលោកព្រះរាជអាជ្ញារង គុជ គឹមឡុង ចោទពីបទ សូកប៉ាន់សាក្សី តាមមាត្រា៥៤៨នៃក្រមព្រហ្មទណ្ឌ ។ ដោយឡែក លោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី តាមមាត្រា២៩ និង មាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌ។
ចំណែកជាមន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក សឺន សាលី ក៏ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ផង ដែរ ។បទល្មើសសូកប៉ាន់សាក្សី កំណត់ការផ្តន្ទាទោសពី៥ឆ្នាំទៅ១០ឆ្នាំ៕