ខេត្តព្រះសីហនុ៖បុរសជនជាតិចិន២នាក់ត្រូវបានកម្លាំងនគរបាលការិយាល័យកណ្តាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងនគរបាលមូលដ្ឋានឃាត់ខ្លួន បន្ទាប់ធ្វើសកម្មភាពចាក់ជនរងគ្រោះ២នាក់របួសប្លន់យកទ្រព្យសម្បត្តិ។ ករណីនេះកើតឡើងនៅវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅកាស៊ីណូលើភ្នំ ក្រុម២៧ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា ជនបង្កមានគ្នា២នាក់៖ ១.ឈ្មោះ ដឹង ហូសេង អាយុ២២ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូលើភ្នំ កាន់លិខិតឆ្លងដែនលេខ E84415478 និង២.ឈ្មោះ លាំង ម៉ូឆាង អាយុ ២២ឆ្នាំ បុគ្គលិកកាស៊ីណូលើភ្នំ កាន់លិខិតឆ្លងដែនលេខ E50008409។ ចំណែកជនរងគ្រោះមានគ្នា២នាក់៖ ១.ឈ្មោះ អ៊ូ យ៉ាងកូចឹង ភេទប្រុស មុខរបរបុគ្គលិកកាស៊ីណូលើភ្នំ ត្រូវជនសង្ស័យចាក់១កាំបិទចុងស្រួច ត្រូវចំដើមដៃខាងស្តាំ រងរបួសស្រាល និង២.ឈ្មោះ លាវ សៀវលីវ ភេទប្រុស មុខរបរបុគ្គលិកកាស៊ីណូលើភ្នំ ត្រូវជនសង្ស័យចាក់១កាំបិតចុងស្រួច ត្រូវចំកណ្តាលខ្នង រងរបួសស្រាល ចំពោះសម្ភារៈដែលបាត់បង់ ប្រាក់ចំនួន ៣០០០ដុល្លារ និងកុំព្យួទ័រចំនួន១គ្រឿង។
លោកស្នងការបានបញ្ជាក់ថា ក្រោយទទួលបានពាក្យបណ្តឹងកម្លាំងជំនាញសហការជាមួយ កំលាំងមូលដ្ឋានបានស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ព្រមទាំងដកហូតសម្ភារៈមួយចំនួនរួមមាន៖ លុយ១០៩៣ដុល្លារ, លុយយ័ន៤០០, លុយខ្មែរ៤៩០០រៀល, កុំព្យួទ័រ១គ្រឿង ពណ៌ខ្មៅ និងកាំបិតចុងស្រួច១ដើម ជាឧបករណ៍ប្រព្រឹត្តបទល្មើស។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងបន្ត និងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕