ក្រុមការងារ​ចរចា​រវាង​បក្ស​ទាំងពីរ​បន្ត​ខ្វែងគំនិត​គ្នា​លើ​ពេលវេលា និង​ចំនួន​ថ្ងៃ​ឃោសនា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 January, 2015 ក+ ក-

ភ្នំពេញ​៖​ក្រុមការងារ​ចរចា​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​ខ្វែងគំនិត​គ្នា លើ​ថេរវេលា និង​ចំនួន​ថ្ងៃ​ហែ​ក្បួន​ក្នុងពេល​ឃោសនាបោះឆ្នោត​។ ការខ្វែងគំនិត​នេះ ក្នុងពេលដែល​ក្រុម​ចរចា​គណបក្ស​ទាំង​២​បន្ត​ពិភាក្សាគ្នា ទៅលើ​សេចក្តីព្រាង​ជំពូក​ទី​៧ នៃ​សេចក្តីស្នើ​សេចក្តីព្រាង​ច្បាប់បោះឆ្នោត នៅ​រសៀល​ថ្ងៃទី​១២ ខែមករា នា​មន្ទីរ​រដ្ឋសភា​។​

បើទោះជា​ក្រុមការងារ​ចរចា​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ឯកភាពគ្នា​លើ​ចំណុច​ច្រើន​នៅក្នុង​ជំពូក​ទី​៧ នៃ​សេចក្តីស្នើ​សេចក្តីព្រាង​ច្បាប់បោះឆ្នោត តែមាន​ពួកគេ​មិនទាន់​ឯកភាពគ្នា លើ​ចំនួន​ថ្ងៃ ឃោសនា​ទេ​។ ជំពូក​ទី​៧ នេះ គឺ​ផ្តោតទៅលើ​ការឃោសនាបោះឆ្នោត​។​

ការខ្វែងគំនិត​គ្នា​នេះ គឺ​នៅពេលដែល​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​រក្សា​ថេរវេលា​នៃ​ការ ឃោសនាបោះឆ្នោត​ឲ្យ​បាន​៣០​ថ្ងៃ ដូចដែល​មានចែង​នៅក្នុង​ច្បាប់បោះឆ្នោត​ចាស់ និង​ចង់​ឲ្យ គណបក្សនយោបាយ​ទាំងអស់ អាច​ហែ​ក្បួន​ឃោសនា​រក​សំឡេងឆ្នោត​គ្រប់​ទាំង​៣០​ថ្ងៃ​តែម្តង​។​

ប៉ុន្តែ​ពី​ខាង​ក្រុមការងារ​ចរចា​គណបក្ស​ប្រជាជន​កម្ពុជា​វិញ ពួកគេ​មិន​ចង់​ឲ្យ​មាន​ថេរវេលា ៣០​ថ្ងៃ​នោះទេ គឺមាន​ត្រឹមតែ​១៤​ថ្ងៃ​ប៉ុណ្ណោះ​។ លើសពីនេះ​ទៀត ក្នុង​រយៈពេល​១៤​ថ្ងៃនេះ គណបក្សនយោបាយ​អាច​ដង្ហែ​ក្បួន ឃោសនាបោះឆ្នោត​បានត្រឹមតែ​២​ថ្ងៃ គឺ​នៅ​ថ្ងៃ ដំបូង​និង​ថ្ងៃ​បញ្ចប់ នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​។​

ថ្លែង​ទៅកាន់​អ្នកកាសែត នៅក្រោយ​កិច្ចពិភាក្សា​អស់​រយៈពេល​ជាង​២​ម៉ោង ប្រធាន​ក្រុមការងារ​ចរចា​គណបក្ស​សង្គ្រោះ​ជាតិ​លោក គួ​យ ប៊ុន​រឿន មានប្រសាសន៍ថា ការដែល​គណបក្សប្រឆាំង មួយ​នេះ ចង់​ឲ្យ​មានការ​ឃោសនា​រយៈពេល​៣០​ថ្ងៃ ដោយសារ​ពួកគេ ចង់​ផ្តល់ឱកាស​និង​លទ្ធភាព​ឲ្យ​គ្រប់​គណបក្សនយោបាយ​ទាំងអស់ ដែល​ចូលរួម​ក្នុង ការប្រកួតប្រជែង​រក​សម្លេងឆ្នោត មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​ផ្សព្វផ្សាយ នូវ​គោលនយោបាយ​របស់ខ្លួន​ទៅដល់​អ្នកបោះឆ្នោត ជាពិសេស​សម្រាប់​គណបក្ស នយោបាយ​តូចៗ ដែល​អ្នកបោះឆ្នោត​ពុំ​សូវ​បាន​ស្គាល់​។ មួយវិញទៀត លោក​ថា ការ​កំហិត​ឲ្យ​បក្សនយោបាយ​ហែ​ក្បួន​ឃោសនា​តែ​២​ថ្ងៃ វា​គឺជា​ការ​រិត​ត្បិត​ទៅលើ​សិទ្ធិ សេរីភាព​របស់​គណបក្ស​នយោបាយ​។

ច្បាប់បោះឆ្នោត​ចាស់​របស់​កម្ពុជា អនុញ្ញាតិ​ឲ្យ​គ្រប់​គណបក្សនយោបាយ​ដែល​ចូលរួម​ក្នុង ការប្រកួតប្រជែង​រក​សម្លេងឆ្នោត​ទាំងអស់ អាចធ្វើ​ការឃោសនាបោះឆ្នោត​រយៈពេល​៣០​ថ្ងៃ ហើយ​ក្នុង​រយៈពេល​៣០​ថ្ងៃនេះ បក្សនយោបាយ​អាច​ហែ​ក្បួន​បាន​គ្រប់​៣០​ថ្ងៃ​តែម្តង​។​

យ៉ាងណាក៏ដោយ ប្រធាន​ក្រុមការងារ​ចរចា​គណបក្ស​ប្រជាជន​កម្ពុជា​លោក ប៊ិន ឈិន កត់សម្គាល់ថា ការដែល គណបក្សកាន់អំណាច​ចង់​ឲ្យ​មាន​រយៈពេល​១៤​ថ្ងៃ​សម្រាប់​ការ ឃោសនា​នេះ គឺ​ដើម្បី​កាត់បន្ថយ​ការ​ប្រឈម​រវាង​គណបក្សនយោបាយ​។ លោក​លើក ឧទាហរណ៍​នៅ​ប្រទេស​ជប៉ុន ដែល​ការឃោសនា​នៅ​ទីនោះ​មានតែ​១២​ថ្ងៃ ខណៈដែល ប្រទេស​សឹង្ហ​បុរី​នៅក្នុង​សមាគម​អាស៊ាន​ដូច​កម្ពុជា​ដែរនោះ គឺមាន​រយៈពេល​៩​ថ្ងៃ​ប៉ុណ្ណោះ​។ ចំណែក​ការហែក្បួន​ឃោសនា​តែ​២​ថ្ងៃ​វិញ លោក ប៊ិន ឈិន អះអាងថា គឺ​ដើម្បី​បញ្ចៀស ការកកស្ទះ​ចរាចរណ៍ និង​ដើម្បី​កាត់បន្ថយ​ការ​ប្រឈម​ក្នុងសង្គម​ដូចគ្នា​។

ទាក់ទង​នឹង​ការ​រិត​ត្បិត​ទៅ​សិទ្ធិសេរីភាព​របស់​គណ​បក្សនយោបាយ និង​ការផ្តល់​ពេល វេលា​មិន​គ្រប់គ្រាន់​ឲ្យ​ពួកគេ​ដើម្បី​ឃោសនា​គោលនយោបាយ​វិញ លោក ប៊ិន ឈិន មានប្រសាសន៍ថា វា​គ្រាន់តែ​ជា​មតិ​លើកឡើង​ប៉ុណ្ណោះ ប៉ុន្តែ​លោក​ថា នៅពេល​ដែលមាន ការកំណត់​ជាក់លាក់​ក្នុង​ច្បាប់​រួចហើយ ពេលនោះ គណបក្សនយោបាយ​នឹង​ត្រៀមខ្លួន​ជាមុន ថា​នឹង​ត្រូវធ្វើ​បែបណា​ហើយ​។​
​លោក គួ​យ ប៊ុន​រឿន បញ្ជាក់ថា ចំពោះ​ចំណុច​ខ្វែងគំនិត​គ្នា​ទាំងនេះ ក្រុមការងារ​ចរចា​នៃ គណបក្ស​ទាំង​២ នឹង​ដាក់ជូន​ថ្នាក់ដឹកនាំ​កំពូល​របស់​គណបក្ស​ទាំងសង្ខាង ដើម្បី​ស្វែងរក​ចំណុច​រួមមួយ​។​

​ក្រៅពីនេះ គណបក្ស​សង្គ្រោះ​ជាតិ​ក៏បាន​ស្នើ​ទៅកាន់​គណបក្សកាន់អំណាច ដើម្បី​ស្វែងរក​លទ្ធភាព​ឲ្យ​មន្ត្រីរាជការ​ស៊ីវិល ប៉ូលីស ទាហាន អាច​ចូលរួម​ក្នុងការ​ឃោសនាបោះឆ្នោត បាន​ដូច​ពលរដ្ឋ​ទូទៅ​ដែរ ប្រសិនបើ​ការចូលរួម​ឃោសនា​នោះ ធ្វើឡើង​មិន​ចំ​ម៉ោង​ពួកគេ បំពេញការងារ​ឬ​បំពេញបេសកកម្ម ហើយ​លោក​ថា កម្លាំងប្រដាប់អាវុធ​ដែល​មក ចូលរួម​ឃោសនា​នោះ ត្រូវ​ដោះ​ឯកសណ្ឋាន​របស់ខ្លួន និង​មិន​ត្រូវយក​អាវុធ​តាម​ខ្លួន ជាដើម​។ លោក គួ​យ ប៊ុន​រឿន ថា សំណើ​នេះ ក្រុមការងារ​ចរចា​គណបក្សកាន់អំណាច នឹង​យកទៅ​ពិចារណា​។​

​តាម​គម្រោង ក្រុមការងារ​ចរចា​គណបក្ស​ទាំង​២ នឹង​ពិភាក្សា​ទៅលើ​សេចក្តីស្នើ​សេចក្តីព្រាង ច្បាប់​នេះ​បន្តទៀត នៅ​ថ្ងៃ​សុក្រ​ទី​១៦ មករា ខាងមុខ​៕//rfa

----------