ពលរដ្ឋ​ខេត្ត​ប៉ៃលិន​សម្តែង​ការព្រួយបារម្ភ​ការបាត់បង់​ធនធាន​រ៉ែ​ត្បូង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 December, 2016 ក+ ក-

ខេត្ត​ប៉ៃលិន​៖​ប្រជាពលរដ្ឋ​ខេត្ត​ប៉ៃលិន បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង អំពី​បញ្ហា​ប្រឈម​នៃ​ការបាត់បង់​ធនធាន​រ៉ៃ​ត្បូង​ដ៏​មានតម្លៃ ដែល​នៅ​សេសសល់​តិចតួច​ក្នុង​ខេត្ត​ជាប់​ព្រំដែន​មួយ​នេះ ខណដែល​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​បាន​សម្រុក​ចេញ​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​មួយ​ធ្វើ​អាជីវកម្ម​រ៉ែ​ត្បូង​យ៉ាង​ពេញបន្ទុក ដោយ​ប្រើ​គ្រឿងចក្រ​ធន់​ធ្ងន់​ទំនើបៗ ជាច្រើន​គ្រឿង​រួមទាំង​មាន​សា​ជាច្រើន​កន្លែង ។​
​ប្រជាពលរដ្ឋ​បានដឹងថា ក្រុមហ៊ុន​ដែល​កំពុង​ធ្វើ​អាជីវកម្ម​ជីក​រ៉ែ​ត្បូង​នេះ​ស្ថិតនៅ​ភូមិបរ​ហ៊ុយ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​បោះទីតាំង​ធ្វើ​អាជីវកម្ម​តាំងពី​រដូវវស្សា​រហូត​ដល់ពេលនេះ ដោយ​ក្រុមហ៊ុន​បាន​ប្រើប្រាស់ គ្រឿងចក្រ​ជីក​យក​រ៉ែ និង​ម៉ាស៊ីន​រែង​រ៉ែ​ត្បូង គឺ​សុទ្ធតែជា​ម៉ាស៊ីន ស្វ័យប្រវត្តិ​ជាច្រើន​គ្រឿង និង​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​។​
​ប្រជាពលរដ្ឋ​បញ្ជាក់ថា រ៉ែ​ត្បូងថ្ម​ធម្មជាតិ នៅ​ខេត្ត​ប៉ៃលិន គឺ​នៅសល់​តិចតួច​តែប៉ុណ្ណោះ បន្ទាប់ពី​ក្រុមហ៊ុន​ថៃ​បាន​ប្រើប្រាស់​គ្រឿងចក្រ​បែបនេះ យក​អស់​កាលពី​សម័យ​អ​តី​កាល ហើយ​បើ​នៅតែ​បណ្តែត បណ្តោយ​បែបនេះ​ទៀត ច្បាស់​ជា​ថ្ងៃ​អ​នា​គត់​កូនចៅ​ជំនាន់​ក្រោយ​មិន​ស្គាល់​ត្បូង​ប៉ៃលិន​ទៀត​នោះទេ​។​
​បើតាម​ការបញ្ជា​ក់រប​ស់លោក តាំង ប៊ុនហេង ជា​ម្ចាស់​អាជីវក​ម្មរែង​យក​រ៉ែ​ត្បូង បានឱ្យដឹងថា​៖ អាជីវកម្ម​រែង​យក​ត្បូង​របស់គាត់​គឺមាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ ហើយ​មុននឹង​លោក​ធ្វើ​អាជីវកម្ម​នេះ​លោក​បាន ធ្វើលិខិត​សុំ​ការអនុញ្ញាតិ​ពី​អា​ជ្ញ​ធរ​មូលដ្ឋាន ព្រមទាំង​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​ទៀតផង​។​
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ លោក សុខ សួន អនុប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​បានឱ្យដឹងថា​៖ អាជីវកម្ម​រែង​យក​រ៉ែ​ត្បូង​នេះ គឺ​ពិតជា​បានទទួល​ច្បាប់​អនុ​ញ្ញា​ត្តិ​ធ្វើ​អាជីវកម្ម​ពី​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​ពិតមែន ដោយ​លោក​បាន​បញ្ជាក់ថា មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត គឺ​ទទួលបាន​សិទ្ធ​ពី​ក្រសួង ក្នុងការ​អនុ​ញ្ញា​ត្តិ​ចេញ​អាជ្ញាប័ណ្ណ​ឱ្យ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ត្រឹមតែ​ទ្រង់ទ្រាយ​តូច ជា​លក្ខណៈ​គ្រួសារ​តែប៉ុណ្ណោះ ៕

img-20161202-wa0012img-20161202-wa0011img-20161202-wa0010img-20161202-wa0009