លោក សម រង្ស៊ី សរសើរបញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ថ្មី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 December, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស បាន​ថ្លែង​ការកោតសរសើរ បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ថ្មី​ថា ល្អប្រសើរ​ជាង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ចាស់ ទាំង​បរិមាណ និង​គុណភាព​។​
Facebook របស់លោក សម រង្ស៊ី នៅ​ព្រឹក​នេះ​បានសរសេរថា ៖ ជា​សន្និដ្ឋាន​ប្រៀបធៀប​ទៅនឹង​បញ្ជី​ឈ្មោះ អ្នកបោះឆ្នោត​ចាស់ (២០១៣) បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ថ្មី (២០១៦) ល្អប្រសើរ​ជាង​ឆ្ងាយ​ណាស់ គិត​ទាំង​បរិមាណ ទាំង​គុណភាព​។ កត្តា​ជា​មូលដ្ឋាន​នេះ ជាហេតុ​ធ្វើ​ឲ្យ​ការបោះឆ្នោត ឆ្នាំ​២០១៧ និង ២០១៨ នឹងមាន​លក្ខណៈ​ល្អប្រសើរ​ជាង​ការបោះឆ្នោត​ឆ្នាំ​២០១៣ ឆ្ងាយ​ណាស់​»​។​
​លោក សម រង្ស៊ី បន្ថែមថា «​ទោះជា​ពលរដ្ឋ​ខ្មែរ​ជាង​១​លាន​នាក់ មិនបាន​ចុះឈ្មោះ​បោះឆ្នោត​ថ្មីៗ​នេះ ដោយសារតែ​ស្នាក់នៅ​ក្រៅប្រទេស ក៏​យើង​អាច​សប្បាយរីករាយ អំពី​លទ្ធផល​សរុប​នៃ​ដំណើរការ​ចុះឈ្មោះ​អ្នកបោះឆ្នោត ក្នុង​រយៈពេល ៣ ខែ​កន្លងមកនេះ​»​។ លោក​បាន​បន្ថែមថា «​ខ្ញុំ​សូម​កោតសរសើរ​អស់ពីដួងចិត្ត ចំពោះ​ពលរដ្ឋ​ខ្មែរ​គ្រប់រូប ដែល​បាន​ខិតខំ​ទៅ​ចុះឈ្មោះ​ឲ្យ​ទាល់តែ​បាន ដើម្បី​រក្សា​សិទ្ធិ​បោះឆ្នោត​របស់ខ្លួន ហើយ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ក្នុងនាម​ជា​ពលរដ្ឋ​ពេញលក្ខណៈ​»៕

125-0111216-s942