ព្រះមហាក្សត្រ​ព្រះរាជទាន​លើកលែងទោស​ដល់​លោក កឹម សុខា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 December, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​ព្រះរាជក្រឹត្យ​ព្រះរាជទាន​លើកលែងទោស​ដល់​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ។ ការលើកលែងទោស​នោះ​ធ្វើឡើង​តាម​ការស្នើសុំ​របស់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ។​
​នៅក្នុង​ព្រះរាជ្យក្រឹត្យ​របស់​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី បាន​បញ្ជាក់ថា​៖ «​ត្រូវបាន​លើកលែងទោស​ឲ្យ​ទណ្ឌិត​ឈ្មោះ កឹម សុខា ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ដែល​ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ពីបទ​បដិសេធ​ក្នុងការ​ចូលខ្លួន តាម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​លេខ​១៣០ «​ក្រ​I.​សវ​» ចុះ​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ របស់​សាលាឧទ្ធរណ៍​»​។​
​យ៉ាងណាក៏ដោយ តាម​លិខិត​សម្តេច ហ៊ុន សែន បាន​បញ្ជាក់ថា ការស្នើថ្វាយ​ព្រះមហាក្សត្រ​នេះ បន្ទាប់ពី​លោក កឹម សុខា នៅ​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៦ បាន​ផ្ញើលិខិត​ទៅកាន់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដោយ​ស្នើសុំ​សម្តេច​តេ​ជោ​ដោយ​ក្តី​យោគយល់​បំផុត ដើម្បី​ស្នើសុំ​ព្រះមហាក្សត្រ ប្រោស​ព្រះរាជទាន​លើកលែងទោស​ដល់​រូបលោក ៕

fn-2016-12-02-14-47-09-0fn-2016-12-02-13-49-15-0fn-2016-12-02-13-49-16-1