រាជធានីភ្នំពេញ៖តាមការគ្រោងទុកសំណុំរឿង លោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម មកពីគណបក្សសម រង្ស៊ី ពាក់ព័ន្ធនឹងករណីសូកប៉ាន់សាក្សី សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រម នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦នេះ។
លោក ស៊ាង ចែត ត្រូវបានតុលាការចោទប្រកាន់ពីបទសូកប៉ាន់សាក្សី ដើម្បីកុំឱ្យនិយាយការពិតប្រាប់សមត្ថកិច្ច ពាក់ព័ន្ធរឿងសញ្ចារកម្ម ដែលកើតចេញពីរឿងអាស្រូវរបស់ លោក កឹម សុខា និង កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ។
យោងតាមលិខិតចំហរបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ បានអះអាងថា លោក ស៊ាង ចែត បានយកលុយ៥០០ដុល្លារទៅឱ្យម្តាយរបស់នាង ដើម្បីឱ្យគាត់ជួយប្រាប់រូបនាង កុំឱ្យនិយាយការពិត ប្រាប់សមត្ថកិច្ច អំពីទំនាក់ទំនងរវាងនាង និងលោក កឹម សុខា។
គួរបញ្ជាក់ថា លោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម កូតាមកពីគណបក្សសមរង្ស៊ីនោះ ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦៕