ខេត្តសៀមរាប៖នៅវេលាម៉ោង៦ព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦នេះ មានករណីអគ្គិភ័យឆាបឆេះផ្ទះសំណាក់ «ហ្គោឌិនវិឡិសន៍» មួយកន្លែងស្ថិតនៅក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យនេះបានបានរលត់វិញនៅវេលាម៉ោង៨ព្រឹក បន្ទាប់ពីមានអន្តរាគមន៍ របស់រថយន្តពន្លត់អគ្គិភ័យ៨គ្រឿង ក្នុងនោះរថយន្ត៤គ្រឿងរបស់ស្នងការដ្ឋាននគរបាលខេត្ត និង៤គ្រឿងទៀតរបស់អាវុធហត្ថខេត្ត។សមត្ថកិច្ចបន្តថា ករណីគ្រោះអគ្គិភ័យនេះបំផ្លាញ និងប៉ះពាល់ដល់ផ្ទះ២ខ្នង ដែលមួយខ្នងជាផ្ទះសំណាក់ «ហ្គោឌិនវិឡិសន៍» និងមួយខ្នងទៀត ជាផ្ទះដែលជាប់ពីក្រោយផ្ទះសំណាក់ ខណៈដែលកូនរបស់ម្ចាស់ផ្ទះសំណាក់ ម្នាក់រងរបួសផងដែរ។
ទោះជាយ៉ាងណាសមត្ថកិច្ចមិនទាន់បញ្ជាក់ពីមូលហេតុ ដែលនាំឲ្យកើតមានគ្រោះអគ្គិភ័យនេះ នៅឡើយនោះទេ៕