ដោយ៖ប៉ែន សុផល
បាត់ដំបង៖ពលករខ្មែរសម្រុកចេញទៅធ្វើការងារនៅប្រទេសថៃកាត់តាមច្រកទ្វាព្រំដែនតំបន់ភ្នំដីចំនួនជាង១០០០នាក់ក្នុងរយៈពេល៣ថ្ងៃជាប់ៗគ្នានៅដើមខែធ្នូ ឆ្នាំ២០១៦នេះ។
លោកឈុន លន់ ប្រធានទីស្នាក់ការទំនាក់ទំនងកិច្ចការច្រកទ្វារព្រំដែនតំបន់ភ្នំដី ស្រុកសំពៅលូន បានអោយដឹងនៅរសៀលថ្ងៃម្សិលមិញថា រយៈពេល៣ថ្ងៃជាប់ៗគ្នាចាប់តាំងពីថ្ងៃទី២រហូតដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦កន្លងមកនេះពលករខ្មែរទាំងប្រុស ទាំងស្រី និងក្មេងចាស់សរុបចំនួន១២០០នាក់មកពីបណ្ដាខេត្តនានានៃប្រទេសកម្ពុជាបានសម្រុកចេញជាបន្ដរបន្ទាប់ទៅធ្វើការងារនៅក្នុងទឹកដីថៃខេត្តស្រះកែវដែលជាខេត្តឈមគ្នានិងខេត្តបាត់ដំបងដែលមានកិច្ចព្រៀងយោគយល់គ្នាទៅវិញទៅមករវាងអាជ្ញាខេត្តជាប់គ្នាទាំងពីរនិងរវាងសមាគមន៍ម្ចាស់ចំការរបស់ថៃផងដែរ។
ពលករខ្មែរដែលមានកម្លាំងរឹងមាំសម្រុកចេញទៅធ្វើការងារប្រទេសថៃយ៉ាងច្រើននេះជាការឆ្លើយតបទៅនិងសេចក្ដីត្រូវការរបស់សមាគមន៍អ្នកចំការជនជាតិថៃដែលពួកគេធ្លាប់បានណាត់ជួបជាមួយគ្នានៅរៀងរាល់ឆ្នាំក្នុងរដូវប្រមូលផលអំពៅឬបេះផ្លែមៀន។
ប្រធានទីស្នាក់ការទំនាក់ទំនងការងារកម្ពុជា ថៃប្រចាំច្រកទ្វាព្រំដែនតំបន់ភ្នំដីបានបញ្ជាក់បន្ដថា ការចេញចូលធ្វើចំណាកស្រុករបស់ពលករខ្មែរនេះភាគច្រើនទៅធ្វើការងារកាប់អំពៅដែលពលករខ្លះចេញទៅធ្វើការព្រឹក វិលមកវិញល្ងាចនិងខ្លះទៀតចំពេញបែបបទមានសិទ្ធរស់នៅក្នុងទឹកដីថៃរហូតដល់មួយសប្ដាហ៍ម្ដងដូចជាពលករមកពីខេត្តខេត្តព្រៃវែង ស្វាយរៀង កំពង់ធំ ខេត្តពោធិសាត់និងខេត្តបាត់ដំបងជាដើម។
ប្រភពពីប្រជាពលរដ្ឋរស់នៅតំបន់ព្រំដែនច្រកទ្វារភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបងបានប្រាប់មេគង្គប៉ុស្តិ៍ថា មកទល់នឹងរសៀលថ្ងៃទី៥ ខែធ្នូម្សិលមិញនេះពលករខ្មែរនៅតែបន្ដរសម្រុកចេញយ៉ាងច្រើនជាក្រុមៗដោយខ្លះភ្ជាប់ជាមួយនូវសំលៀកបំពាក់ អង្ករ ត្រីសាច់ក៏ច្រើនផងដែរសម្រាប់ផ្គត់ផ្គង់ការហូបចុកក្នុងពេលបំពេញការងារ៕
ពលករសម្រុកចេញទៅធ្វើការនៅថៃរាប់រយនាក់ក្នុងរយៈពេល៣ថ្ងៃជាប់ៗគ្នា